Facebook មិនចន្លោះឡើយ ផ្សព្វផ្សាយ ads ពាណិជ្ជកម្ម សូម្បីតែក្នុងកម្មវិធី Messenger ទៀត !
អ្នកប្រើ អាចនឹងប្លែកភ្នែកជាមួយកម្មវិធីផ្ញើសារ Facebook Messenger ដោយក្រុមហ៊ុនបណ្ដាញសង្គមនេះ កំពុងធ្វើតេស្តដាក់បញ្ចូលផ្ទាំងពាណិជ្ជកម្ម (ads) ទៅក្នុង mobile app នេះ។ វាជាការធ្វើតេស្តសាកល្បងជំនាន់ beta នៃ home screen Messenger ads ទូទាំងពិភពលោក មុនផ្ទាំង ads នឹងត្រូវបញ្ចូលផ្លូវការរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ។
តាមសេចក្ដីរាយការណ៍ពីគេហទំព័រ engadget ឱ្យដឹងថា ផ្ទាំង ads នឹងឃើញមាននៅក្នុងកម្មវិធីផ្ញើឆាត FB Messenger លើបណ្ដាអ្នកប្រើមួយចំនួនជាបន្តបន្ទាប់ ទម្រាំទម្រង់ថ្មីនេះ បង្ហាញដល់គ្រប់អ្នកប្រើទូទាំងពិភពលោកនៅចុងឆ្នាំ២០១៧។ យ៉ាងហោច ក្រុមហ៊ុនមិនបានរុញរា ឬខ្មាសអតិថិជនខ្លួន ដែលជំរុញពាណិជ្ជកម្មតាមរយៈបញ្ចូលផ្ទាំង ads សូម្បីនៅក្នុង FB Messenger នោះឡើយ។
អ្នកដឹកនាំផ្នែកផលិតផល Messenger ឈ្មោះ Stan Chudnovsky បានប្រាប់គេហទំព័រ VentureBeat ថា វាជារឿងធម្មតាប៉ុណ្ណោះចំពោះប្រភពចំណូលរបស់ស្ថាប័ន ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម គឺ “នេះជារបៀបដែលយើងកំពុងសាងប្រាក់ចំណូលដ៏ត្រឹមត្រូវក្នុងពេលបច្ចុប្បន្ន”។ ក៏មានទម្រង់រកចំណូលផ្សេងទៀត (Business model) កំពុងត្រូវក្រុមហ៊ុនពិចារណាផងដែរ។ Facebook គឺយកចិត្តទុកដាក់លើរបៀបនៃការបង្ហាញប្រភេទផ្ទាំងពាណិជ្ជកម្មដល់អ្នកប្រើប្រាស់ខ្លួនបានឃើញ ដែលអាចជារឿងរ៉ាវពាក់ព័ន្ធជំនួញ តម្រូវតាមអ្នកប្រើរបស់ខ្លួន ឬចំណូលចិត្តផ្សេងៗ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ engadget