ចេញ​កាលបរិច្ឆេទ​សម្ពោធ ​iPhone 8 ហើយ គឺ​​នៅ​ថ្ងៃ​ទី៦ កញ្ញា ?​



ទើប​តែ​ថ្មី​នេះ យើង​ឮ​ដំណឹង​អំពី​ថ្ងៃ​ប្រកាស Galaxy Note 8 របស់ Samsung អាច​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ សីហា ចំណែក​ពេល​នេះ យើង​ក៏​ទទួល​ដំណឹង​ iPhone 8 ផង​ដែរ​ថា កំពូល​ស្មាតហ្វូន​ថ្មី​របស់​ក្រុមហ៊ុន Apple នេះ នឹង​ត្រូវ​វែកមុខ​នៅ​ថ្ងៃ​ទី៦ កញ្ញា។ iPhone 8 ​អាច​នឹង​ត្រូវ​សម្ពោធ​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍​មួយ​នាថ្ងៃ​ទី៦ ខែ​កញ្ញា​ខាង​មុខ។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ Phone Arena។ iPhone 8 របស់ Apple ​នឹង​ជា​ស្មាតហ្វូន​ទំនើប​ទទួល​បាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ ទាំង​លក្ខណៈ​សម្បត្តិ និង​រចនាបថ ព្រោះ​វា​ជា​ស្មាតហ្វូន​គម្រប់​ខួប​ទី១០ នៃ​ទូរស័ព្ទ​ម៉ាក iPhone។ iPhone 8 អាច​ភ្ជាប់​ប្រើ​អេក្រង់ OLED ហើយ​មាន​ផ្ទៃ​មុខ ស្ទើរ​លាតសន្ធឹង​ពេញ​ដោយ​កញ្ចក់​អេក្រង់ ស្រដៀង​នឹង Galaxy S8/ S8+។ ​iPhone 8 ​មាន​ចចាមអារ៉ាម​ថា នឹង​ប្រើប្រាស់​បន្ទះ​ឈីប Apple A11 ​ហើយ​មាន RAM ធំ​ជាង iPhone ជំនាន់​បច្ចុប្បន្ន ភ្ជាប់​មុខងារ​សម្គាល់​ផ្ទៃ​មុខ facial recognition ដែល​ប្រើ​ជំនួស​មុខងារ​ស្កេន​ក្រយៅដៃ​ដៃ ប៉ុន្តែ​គេ​មិន​ច្បាស់​នៅ​ឡើយ​ថា អំពី​របៀប​ដែល​វា​ដំណើរការ​ជាមួយ​កម្មវិធី​បង់​ប្រាក់ Apple Pay។ ​iPhone 8 ថែមទាំង​នឹង​បង្ហាញ​ខ្លួន ជាមួយ​កាមេរ៉ា​ក្រោយ​ភ្លោះ (dual camera) ​តែ​ផ្លាស់ប្ដូរ​ទៅ​ទម្រង់​បញ្ឈរ​វិញ ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 11។ iPhone ថ្មី​ចេញ​ក្នុង​ឆ្នាំ​នេះ អាច​មាន​ដល់​ទៅ​ ៣ម៉ូដែល​គឺ iPhone 7s និង 7s Plus និង iPhone 8 ដែល​មាន​អេក្រង់ OLED៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Phone Arena
X
5s