Motorola ទើប​ចេញ​អាវុធ​ថ្មី RAM 6GB, អេក្រង់ QHD AMOLED, Snapdragon 835, កាមេរ៉ា​ភ្លោះ តម្លៃ $៧៩៩​



​ក្រុមហ៊ុន Motorola ​ថ្មីៗ​នេះ ទើប​បាន​សម្ពោធ​ស្មាតហ្វូន​ខ្លាំង​ស៊េរី​ថ្មី គឺ Moto Z2 Force ភ្ជាប់​លក្ខណៈ​សម្បត្តិ​ទំនើបៗ។ វា​បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់​ទំហំ ៥,៥អ៊ីញ POLED ​កម្រិត Quad HD ​ទំហំ 2560x1440px និង​ដង់ស៊ីតេ​ភិចហ្សែល 535ppi។

Moto Z2 Foce ​ជា​ស្មាតហ្វូន​សមត្ថភាព​ខ្ពស់​មួយ​របស់ Motorola ​មាន​កាមេរ៉ា​ចំនួន​ពីរ​គ្រាប់​នៅ​ខាង​ក្រោយ dual camera បំពាក់​ឈីប octa core Qualcomm Snapdragon 835 ​និង​ចែក​ជា​ពីរ​ម៉ូដែល គឺ​ម៉ូដែល RAM 4GB មាន​មេម៉ូរី 64GB និង​ម៉ូដែល RAM 6GB មាន​មេម៉ូរី 128GB។

ស្មាតហ្វូន Moto Z2 Force ថ្មី​របស់​ក្រុមហ៊ុន​អាមេរិក​នេះ ប្រើប្រាស់​កាមេរ៉ា​មុខ​ទំហំ 5MP ​និង​ខាង​ក្រោយ​ជា​កាមេរ៉ា​ភ្លោះ dual camera ​ដែល​មាន​ទំហំ 12MP ដូច​គ្នា។ វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.1.1 Nougat ​ហើយ​កម្លាំង​ថ្ម 2730mAh។ អ្នក​ប្រើ​ស្មាតហ្វូន​ទំនើប ដែល​មាន​បទពិសោធន៍ ធ្លាប់​ធ្វើ​ធ្លាក់​បែក​អេក្រង់ នោះ​នឹង​លែង​បារម្ភ​ទៀត​ហើយ ព្រោះ Moto Z2 Force នេះ បាន​បំពាក់​ជាមួយ​អាវក្រោះ ក្រោម​បច្ចេកវិទ្យា ShatterShield ពោល​ទូរស័ព្ទ​នឹង​ធន់​រឹងមាំ​ខ្លាំង ធ្លាក់​មិន​ងាយ​បែក និង​មិន​ងាយ​ឆ្កូត។ ពិសេស​ទៀត​នោះ តួ​របស់​វា​ត្រូវ​បាន​ផលិត​ពី​អាលុយមីញ៉ូម​ប្រភេទ 7000 series រឹងមាំ មិន​ខ្លាច​ដាក់​ក្នុង​ហោប៉ៅ​កោង​ឡើយ។ Motorola នឹង​ដាក់​ឱ្យ​កុម្ម៉ង់​ទិញ Moto Z2 Force ទំនើប​នេះ នៅ​អាមេរិក ហើយ​នឹង​មាន​លក់​ក្នុង​តម្លៃ​ប្រហែល ៨០០ដុល្លារ​អាមេរិក៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Motorola
X
5s