Meizu ទើប​សម្ពោធ​ស្មាតហ្វូន​ទំនើប​ថ្មី​ពីរ​ម៉ូដែលគឺ Pro 7 ​និង Pro 7 Plus កាមេរ៉ា​ភ្លោះ អេក្រង់​ភ្លោះ RAM 6GB​



ក្រុមហ៊ុន Meizu ​ថ្មីៗ​នេះ បាន​សម្ពោធ​ចេញ​ស្មាតហ្វូន​ថ្មី​ម្ដង​ពីរ​ម៉ូដែល​គឺ Meizu Pro 7 និង Pro 7 Plus ​ដែល​ទាំង​ពីរ​ម៉ូដែល​នេះ សុទ្ធតែ​បាន​ភ្ជាប់​មក​ជាមួយ​អេក្រង់​ភ្លោះ dual display ដូច​គ្នា។ អេក្រង់​ទី២ នៃ​ស្មាតហ្វូន​នេះ ត្រូវ​បំពាក់​នៅ​ខាង​ក្រោយ​ទូរស័ព្ទ។

អេក្រង់​ទី២ ដែល​ស្ថិត​នៅ​ខាង​ក្រោយ នៃ Meizu Pro 7 និង Pro 7 Plus អាច​ប្រើ​សម្រាប់​បង្ហាញ​ព័ត៌មាន​ផ្សេងៗ អំពី​អាកាសធាតុ (weather) សារ​ជូន​ដំណឹង (notifications) តន្ត្រី (music) ម៉ោង​ពេល (time) និង​ជាច្រើន​ទៀត។ Pro 7 បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់​ទំហំ ៥,២អ៊ីញ​កម្រិត Full HD 1920x1080px។ វា​ប្រើ​នូវ​ឈីប Helio P25 ​និង​មាន RAM 4GB អម​ដោយ​អង្គ​ចងចាំ 64GB និង​មាន​កម្លាំង​ថ្ម 3000mAh។

ងាក​មក​ម៉ូដែល Meizu Pro 7 Plus វិញ គឺ​ភ្ជាប់​ដោយ​អេក្រង់​ទំហំ ៥,៥អ៊ីញ Quad HD ​2560x1440px។ វា​ប្រើ​បន្ទះ​ឈីប Helio P30 មាន RAM 6GB និង​អង្គ​ចងចាំ 128GB ​ហើយ​កម្លាំង​ថ្ម 3500mAh។

ស្មាតហ្វូន​ទាំង​ពីរ ភ្ជាប់​ដោយ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 12MP ​ទាំង​ពីរ​គ្រាប់ ដូច​គ្នា ចំណែក​ខាង​មុខ​មាន​ទំហំ 16MP។ Pro 7 នឹង​មាន​តម្លៃ ៤៣០ដុល្លារ ខណៈ Pro 7 Plus តម្លៃ ៥៣០ដុល្លារ នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃ​ទី៥ សីហា​ក្រោយ​នេះ៕ ប្រែ​សម្រួល៖ រឹទ្ទិរាជ ប្រភព៖ Meizu, The Verge
X
5s