Apple ទទួលបានភ្លើងខៀវពី FCC ក្នុងការធ្វើតេស្តបច្ចេកវិទ្យា 5G លើកដំបូង
តាមការសម្រេចចិត្តរបស់សហព័ន្ធគណៈកម្មការទំនាក់ទំនង FCC បានផ្ដល់ការអនុញ្ញាតឱ្យ Apple មានសិទ្ធិចាប់ផ្ដើមធ្វើតេស្តលើបច្ចេកវិទ្យា 5G នៅលើទឹកដីរបស់ខ្លួនដែលជាក្រុង Cupertino និង Milpitas នៃរដ្ឋកាលីហ្វ័រញ៉ា។
នេះបង្ហាញឱ្យឃើញពីការបោះជំហានទៅមុខរបស់ Apple ក្នុងការព្យាយាមអភិវឌ្ឍខ្លួនលើ វិស័យទូរគមនាគមន៍ ដោយសម្លឹងចង់បង្កើន រលកប្រេកង់ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍខ្លួនទៅមុខ ក៏ដើម្បីច្របាច់បញ្ចូលបច្ចេកវិទ្យា 5G ទៅលើ iPhone អនាគត។ ឯកសារ FCC បានបង្ហាញ ឱ្យឃើញលំដាប់ប្រេកង់ដែលនឹងត្រូវធ្វើតេស្តក្នុងចន្លោះ 27.5-28 Ghz និង 38.6-40Ghz ត្រូវផ្ដល់សិទ្ធិឱ្ហធ្វើតេស្ត។
ទោះបីដែន 28Ghz spectrum ត្រូវបានត្រៀមរៀបចំសម្រាប់ផែនដី ទៅកាន់ផ្កាយរណបទំនាក់ទំនង ដូច្នេះ វាប្រហែលមិនមែនសម្រាប់យកទៅប្រើប្រាស់នៅលើទូរស័ព្ទ iPhone នោះទេ តែអ្វីដែលអាចត្រូវបានប្រើ គឺនៅលើផែនទី Apple Maps ក្នុងការកែលំអសេវាកម្មនេះទៅវិញទេ។ បើប្រៀបធៀបនឹង រលកប្រេកង់ 600Mhz spectrum របស់ក្រុមហ៊ុន T-Mobile និង 2.5Ghz របស់ Sprint វិញ គឺអាចត្រូវបានប្រើសម្រាប់បច្ចេកវិទ្យាឥតខ្សែជំនាន់ក្រោយបាន។
ហេតុអ្វី Apple ជ្រើសរើសធ្វើការលើ ប្រព័ន្ធបណ្ដាញ 5G ជំនួសកិច្ចការដែលគួរធ្វើដោយក្រុមហ៊ុនទូរគមនាគមន៍ទៅវិញ។ យ៉ាងណា ពេលនេះ គេមិនច្បាស់នៅឡើយ ថាមានមូលហេតុពីក្រោយអ្វីខ្លះ តែ Google និង Facebook ក៏មានគម្រោង 5G រៀងៗខ្លួនមកហើយ សម្រាប់បន្ថែមជម្រើសការប្រើប្រព័ន្ធនេះលើទីផ្សារអាមេរិក ដូច្នេះ Apple ប្រហែលសម្លឹងឃើញ ដើម្បីចង់ធ្វើឱ្យខ្លួនមានភាពជាឯករាជ្យក៏ថាបាន៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot