ទូរស័ព្ទ​​បត់ foldable "Galaxy X" ​លេច​​​សញ្ញាណ​ប្រាកដប្រជា​ បាន​​វិញ្ញាបនបត្រ Bluetooth ហើយ !​



​ស្មាតហ្វូន​បត់​បាន ​ដែល​កន្លង​មក​ធ្លាប់តែ​លេចឮ​តាម​ចចាមអារ៉ាម​នោះ ពេល​នេះ ហាក់​លេច​ចេញ​សញ្ញាណ​ប្រាកដប្រជា​ហើយ។ សេចក្ដី​រាយការណ៍​ពី​គេហទំព័រ phonearena បញ្ជាក់​ថា ទើបតែ​ថ្មីៗ​នេះ ស្មាតហ្វូន​ដែល​មាន​ឈ្មោះ Galaxy X បត់​បាន របស់ Samsung ត្រូវ​បាន​ចុះ​បញ្ជី​លើ​លក្ខណៈ​សម្បត្តិ​ត្រង់​មុខងារ​ប្ល៊ូធូស (Bluetooth certificate) ពី​ក្រុម SIG។

លើស​ពី​នេះ កន្លង​មក​ក៏​មាន​ការ​បញ្ជាក់​លេខ​ម៉ូដែល (Model number) របស់​ស្មាតហ្វូន​បត់​នេះ​ផង​ដែរ គឺ​ទទួល​បាន​វិញ្ញាបនបត្រ​ Wi-Fi ​ពី​អង្គការ Wi-Fi Alliance។ ស្រប​ពេល​នោះ ក៏​មាន​ការ​បញ្ជាក់ ស្មាតហ្វូន​នេះ រត់​ក្រោម​ប្រព័ន្ធ​ប្រតិបត្តិការ Android 6.0.1 ផង​ដែរ។ ក្រុម Bluetooth SIG បាន​លើកឡើង​ថា SM-G888N0 ​កំពុង​ចុះ​លក្ខណៈ​សម្បត្តិ Bluetooth ជំនាន់ 4.2 ​នៅ​លើ​វិញ្ញាបនបត្រ។ តែ​បើ​ពិចារណា​លើ​ជំនាន់ Bluetooth ដែល Galaxy S8 និង S8+ មាន​ដល់ Bluetooth 5.0 វិញ វា​គួរតែ Galaxy X មាន​ដូច ប៉ុន្តែ​បែរ​ជា​ប្រើ​ជំនាន់​ចាស់​ទៅ​វិញ។ ចំណែក​តំណភ្ជាប់ Wi-Fi ត្រូវ​រំពឹង នឹង​ទទួល​បាន​សមត្ថភាព​ខ្ពស់​ជាង​មុន។ Samsung មាន​ចចាមអារ៉ាម​មក​ថា កំពុង​ត្រៀម​បង្ហាញ​ចេញ Galaxy X នៅ​ពេល​ណាមួយ អំឡុង​ត្រីមាស​ទី៣ ឆ្នាំ២០១៧ ​ហើយ​អាច​មាន​លក់​នៅ​ត្រីមាស​ទី១ ឆ្នាំ២០១៨។ កាលពី​សប្ដាហ៍​មុន ក្រុមហ៊ុន Lenovo បាន​ប្រើ​ឈ្មោះ​គំរូ​ថេប្លេត​របស់​ខ្លួន​ថា ជា foldable tablet concept ​ដែល​ត្រូវ​បាន​ហៅ​ថា Lenovo Folio។ ផលិតផល​នេះ ត្រូវ​បាន​ពង្រីក​ទំហំ​អេក្រង់​ពី ៥,៥អ៊ីញ ទៅ​ដល់ ៧,៨អ៊ីញ ដែល​វា​ត្រូវ​បាន​ប្រកាស​ចេញ​ក្នុង​ពិព័រណ៍ Tech World របស់ Lenovo រយៈពេល ២ឆ្នាំ​ជាប់​គ្នា៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  phonearena
X
5s