សេដ្ឋីអាមេរិកលោកMarcus Lemonis៖ ហេតុផលសំខាន់២យ៉ាង ដែលអ្នកត្រូវទិញផ្ទះ
លោកMarcus Lemonis ជាអ្នកជំនួញ និង ជាវិនិយោគដ៏មានមុខមាត់មួយរូបនៅអាមេរិក បានលើកឡើងថា មានហេតុផលសំខាន់២យ៉ាង ដែលមនុស្សគ្រប់គ្នាគួរគិតគូររឿងទិញផ្ទះ តាមតែអាចធ្វើទៅបាន។
សេដ្ឋីវ័យ៤៣ឆ្នាំរបស់អាមេរិករូបនេះ និយាយថា ការទិញផ្ទះមិនមែនជារឿងងាយនោះទេ ថ្វីត្បិតតែមនុស្សភាគច្រើនពិតជាចង់បានវា។ យ៉ាងណាក៏ដោយ បើមិនព្រមប្ដេជ្ញាទិញផ្ទះឲ្យបាននោះទេ នោះប្រាកដជា មិនងាយបានផ្ទះនៅដូចគេនោះឡើយ។ ហេតុផលទី១ដែល គួរទិញផ្ទះនោះគឺ វាជួយឲ្យមនុស្សចេះរៀបចំផែនការហិរញ្ញវត្ថុច្បាស់លាស់។
ជាទូទៅមនុស្សតែងតែខ្ជីខ្ជាជាមួយនឹងការរៀបចំលុយ ទាំងការសន្សំ និង ការប្រើប្រាស់វាឲ្យត្រូវនឹងខ្ទង់ចំណាយ អ៊ីចឹងហើយ បើទោះបីជាអ្នកខ្លះមានចំណូលច្រើនក៏ដោយក៏នៅតែខ្ចីគេនៅចុងខែដែរ ព្រោះថា ឲ្យតែមានលុយ គឺដឹងតែចាយ។ ដូច្នេះហើយ គ្រាន់តែចុងខែមិនសល់លុយផង តើអាចទៅធ្វើអ្វីបាន។ អ៊ីចឹងហើយបានជា លោកMarcus Lemonis ជំរុញឲ្យមនុស្សព្យាយាមគិតគូររឿងទិញផ្ទះ ព្រោះកាលពីពួកគេដាក់ចិត្តថា ទិញផ្ទះហើយ នោះការគិតគូរលើការរៀបចំហិរញ្ញវត្ថុនឹងត្រូវធ្វើឡើងយ៉ាងល្អិតល្អន់ ពោលគឺមិនត្រឹមតែអាចទទួលបានផ្ទះមួយជារបស់ខ្លួននោះទេ វាថែមទាំងជួយឲ្យមនុស្សនោះ មានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទៀត ដែលជំនាញនេះ ពិតជាសំខាន់ក្នុងឆាកជីវិត។
ហេតុផលទី២ គឺវាបង្ហាញពីសមិទ្ធផលដ៏អស្ចារ្យមួយរបស់មនុស្សម្នាក់ៗ។ ផ្ទះ គឺជាជម្រកដ៏សែនសំខាន់សម្រាប់មនុស្សម្នាក់ៗ ដូច្នេះហើយមិនថា អ្នកជោគជ័យនៅកន្លែងការងារ ឬ ជំនួញអ្វីនោះទេ តែ បើមិនទាន់មានផ្ទះផ្ទាល់ខ្លួន នោះហាក់ដូចជា នៅខ្វះធាតុដ៏សំខាន់ក្នុងជីវិត ព្រោះផ្ទះជាកន្លែងមិនអាចខ្វះបាន ក្នុងការសាងគ្រួសារមួយដ៏មានសុភមង្គល៕
ដោយ៖ រតនា វិចិត្រ