Sharp ទើបសម្ពោធស្មាតហ្វូនទំនើបគែមអេក្រង់ស្ដើង Aquos S2 អេក្រង់ ៥,៥អ៊ីញ 4K, RAM 6GB, Dual Camera, Fingerprint តែម្លៃ ...
Sharp ស្ថិតក្នុងក្រសែភ្នែករបស់លោកអ្នកប្រហែលមិនមែនជាក្រុមហ៊ុនខ្លាំងខាងផលិតស្មាតហ្វូននោះទេ តែជាក្រុមហ៊ុនឯកទេសខាងផលិតកញ្ចក់អេក្រង់សម្រាប់ផ្គត់ផ្គង់ដល់ដៃគូសហការ។ ជាក់ស្ដែងក្រុមហ៊ុនអេឡិចត្រូនិកជប៉ុននេះ កន្លងទៅបានផ្គត់ផ្គង់អេក្រង់សម្រាប់បំពាក់លើ iDevice របស់ Apple ផងដែរ។ តែយ៉ាងណា វាហាក់ដល់ពេល Sharp ចេញប្រឡូកទីផ្សារស្មាតហ្វូនដ៏ក្ដៅគគុកនេះហើយដែរ ដោយទើបបញ្ចេញស្មាតហ្វូនទំនើប គែមអេក្រង់យ៉ាងស្ដើងឈ្មោះថា Sharp Aquos S2 ជាទាយាទជំនាន់ក្រោយបន្ទាប់ពី Aquos Crystal 2 ចេញកាលពីឆ្នាំ២០១៥។
អេក្រង់ដែលបំពាក់នៅលើ Sharp Aquos S2 ពិតជាទំនើប ដោយលាតសន្ធឹងស្ទើរពេញផ្ទៃមុខទូរស័ព្ទ bezel-less ទៅលើ ៣ជ្រុងនៃទូរស័ព្ទ លើកលែងជ្រុងខាងក្រោម។ អេក្រង់របស់វា មានទំហំ ៥,៥អ៊ីញកម្រិត 4K បំពាក់ឈីប Snapdragon 630 ខ្នាត 14nm និងប្រភេទឈីប 8 Cortex-A53 + 4 clock នៅល្បឿន 2.2GHz ហើយ 4 ទៀតនៅល្បឿន 1.8GHz។ ចំពោះក្រាហ្វិកវិញ មានប្រភេទ Adreno 508 និងមាន X12 LTE modem។ វាក៏គាំទ្រ Bluetooth 5, Quick Charge 4 និង USB-C 3.1 ដែរ។
ស្មាតហ្វូនគែមអេក្រង់ស្ដើងរបស់ Sharp នេះ ក៏មានជំនាន់ផ្សេងមួយទៀត ដែលប្រើនូវបន្ទះឈីប 660 ភ្ជាប់ជាគូជាមួយទំហំ Memory ផ្សេងគ្នា ហើយក៏មានតម្លៃខុសគ្នាផងដែរ។ វាមាន RAM 4GB ឬ 6GB អមដោយអង្គចងចាំ 64GB ឬ 128GB combo។ នៅផ្នែកខាងក្រោយទូរស័ព្ទ បានភ្ជាប់មកជាមួយកាមេរ៉ាភ្លោះ dual camera តម្រៀបជាជួរឈរ ដែលទម្រង់នេះ ក៏រំពឹងប្រើនៅលើ iPhone 8 ផងដែរ។
កាមេរ៉ាភ្លោះរបស់វា បែងចែកជាពីរទំហំ គឺ 12MP និង 8MP ដែលមួយក្នុងចំណោមនោះត្រូវបានប្រើសម្រាប់ជំនួយធ្វើឱ្យ background ព្រាល ដាច់ស្អាត។ ចំណែកកាមេរ៉ាមុខរបស់វាមានទំហំ 8MP។ Aquos S2 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat។ ស្មាតហ្វូនទំនើបនេះ នឹងមានលក់លើទីផ្សារចិនក្នុងតម្លៃប្រហែល ៣៧០ដុល្លារ ឬ ៤២០ដុល្លារ អាស្រ័យតាមប្រភេទឈីប និងទំហំមេម៉ូរី។ សម្រាប់ម៉ូដែលអន្តរជាតិ Aquos S2 រំពឹងនឹងមានលក់ចាប់ពីថ្ងៃទី១៤ សីហានេះ៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena