របាយការណ៍ Bloomberg ៖ នាឡិកា Apple Watch ​ប្រើ SIM អាច Call ​បាន​ មិន​ចាំបាច់​ភ្ជាប់​ជាមួយ iPhone ទេ !​



​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ Bloomberg ​ឱ្យ​ដឹង​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន Apple មាន​គម្រោង​ផលិត​ចេញ​នាឡិកា Apple Watch ជំនាន់​ថ្មី​ រឹតតែ​ទំនើប អម​ដោយ​តំណភ្ជាប់ LTE connectivity។ នេះ​មាន​ន័យ​ថា Apple Watch ​ជំនាន់​ថ្មី​ដែល​អាច​ត្រូវ​សម្ពោធ​នៅ​ខែ​កញ្ញា​ខាង​មុខ នឹង​អាច​ប្រើ​ស៊ីម​កាត​បាន ពោល​គឺ​អាច​ប្រើ​សម្រាប់​ខល​ទូរស័ព្ទ និង​ផ្ញើ​សារ SMS ចេញ​ពី​នាឡិកា​ផ្ទាល់​បាន។ ​សម្រាប់​នាឡិកា Apple Watch ​បច្ចុប្បន្ន គឺ​អាច​ត្រឹមតែ​ភ្ជាប់​ប្រើ​ជាមួយ​ទូរស័ព្ទ iPhone ​ប៉ុណ្ណោះ ដើម្បី​គ្រប់គ្រង​សារ​ជូន​ដំណឹង​ផ្សេងៗ រួម​ទាំង​ការ​បញ្ជាក់​ប្រាប់ អំពី​ភាគី​ខល​ចូល​មក​ទូរស័ព្ទ iPhone។ មាន​ន័យ​ថា នាឡិកា​មិន​អាច​ធ្វើការ​ខល​ទូរស័ព្ទ ឬ​ទទួល​សារ​ជូន​ដំណឹង​ដោយ​ផ្ទាល់​នៅ​លើ Apple Watch នោះ​ទេ គឺ​ត្រូវ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ iPhone ជា​មុន​សិន។ ដោយ​ឡែក Apple Watch ​ថ្មី​ ត្រូវ​គេហទំព័រ Bloomberg អះអាង​ថា នឹង​បំពាក់​នូវ LTE modem ដែល​ផលិត​ដោយ​ក្រុមហ៊ុន Intel។ បើ​ដូច្នេះ​មែន Intel ក៏​ជា​ក្រុមហ៊ុន​ដើរ​មុន Qualcomm មួយ​ជំហាន​លើ​ការ​ផលិត​ឈីប​ប្រើប្រាស់​លើ​នាឡិកា Smartwatch ហើយ។ Apple Watch 3 អាច​ត្រូវ​សម្ពោធ​ផ្លូវការ​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ ដំណាល​គ្នា​ជាមួយ iPhone 8 តែម្ដង៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Bloomberg
X
5s