ខែ​កញ្ញា​ក្រោយ​នេះ នឹង​មាន iPhone ថ្មី​ដល់​ទៅ ៣ម៉ូដែល​ត្រូវ​សម្ពោធ​​ដំណាលគ្នា រាប់​ទាំង iPhone 8 បច្ចេកវិទ្យា​ស្កេន​មុខ​បើក​សោ !​



អាច​និយាយ​បាន​ថា ២០១៧ ជា​សករាជ​ស្មាតហ្វូន​ទំនើបៗ ត្រូវ​សម្ពោធ​បុក​គ្នា​ជាច្រើន​ម៉ូដែល អម​ដោយ​រចនាបថ​ទំនើប​ទាន់សម័យ គែម​អេក្រង់​ស្ដើងៗ។ បន្ទាប់​ពី Galaxy S8 របស់ Samsung ត្រូវ​បាន​សម្ពោធ និង​ទទួល​បាន​ការ​ពេញចិត្ត​ខ្លាំង​ពី​អតិថិជន ក៏​មាន​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នាំ​គ្នា​ផលិត​ទម្រង់​ស្មាតហ្វូន​គែម​អេក្រង់​ស្ដើង​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ។

ចំណែក iPhone ​ជំនាន់​ថ្មី ដែល​ចេញ​សម្រាប់​ខួប ១០ឆ្នាំ​នៃ​ត្រកូល iPhone ​របស់ Apple ក៏​ត្រូវ​រំពឹង មាន​គែម​អេក្រង់​ស្ដើង ទំនើប​មិន​ចាញ់ S8 នោះ​ដែរ។ បើ​តាម​លោក Ming-Chi Kuo ​អ្នក​វិភាគ​ពី​ក្រុមហ៊ុន KGI Securities ​បាន​លើកឡើង​ថា នៅ​ខែ​កញ្ញា​ខាង​មុខ ក្រុមហ៊ុន Apple អាច​ត្រៀម​ដល់​ទៅ ៣ម៉ូដែល សម្ពោធ​ដំណាល​គ្នា ដែល​មាន iPhone 7s, 7s Plus និង iPhone 8 ហើយ​ក៏​មាន​ជម្រើស​ពណ៌​ថ្មី និង​មុខងារ​ពិសេស​អម​មក​ជាមួយ។ សេចក្ដី​រាយការណ៍​កន្លង​មក ឱ្យ​ដឹង​ថា iPhone 8 ​នឹង​ប្រើ​អេក្រង់​ប្រភេទ OLED ​​តែ​ដោយ​សង្វាក់​ផលិតកម្ម​អេក្រង់​មាន​ភាព​យឺតយ៉ាវ ដូច្នេះ​ទម្រាំ​ផលិត​បាន​សម្រេច គឺ​ត្រូវ​ពន្យារ​ពេល អាច​ប្ដូរ​កាល​បរិច្ឆេទ​ប្រកាស​ពី​ខែ​កញ្ញា ទៅ​ខែ តុលា​វិញ ។ ប៉ុន្តែ​របាយការណ៍​របស់​អ្នក​វិភាគ​ល្បី​ឈ្មោះ Kuo ​អះអាង​ថា iPhone 7s, iPhone 7s Plus និង iPhone 8 ​នឹង​ត្រូវ​សម្ពោធ​ផ្លូវការ​ដំណាល​គ្នា​នៅ​ខែ​កញ្ញា​ក្រោយ​នេះ។ ប៉ុន្តែ បរិមាណ​ផលិត ម៉ូដែល iPhone 8 អាច​ស្ថិត​ក្នុង​ចំនួន​កំណត់​មួយ ដែល​មាន​ត្រឹម ២លាន​គ្រឿង ទៅ ៤លាន​គ្រឿង​ប៉ុណ្ណោះ ដែល​នឹង​មាន​សម្រាប់​ចរាចរ​លក់​សម្រាប់​ត្រីមាស​ទី៣ នេះ។ លោក Kuo ​បាន​បន្ត​ទៀត​ថា iPhone ថ្មី​នឹង​មាន​ពណ៌ ៣ជម្រើស​ដូច​ជា ពណ៌​ខ្មៅ ពណ៌​ទឹកប្រាក់ និង​ពណ៌​មាស។ តែ​បើ​តាម​រូប​បែកធ្លាយ​កាលពី​ដើម​សប្ដាហ៍​នេះ បង្ហាញ​ឱ្យ​ឃើញ iPhone មាន​ពណ៌​មាស​ថ្មី ប្រភេទ​ស្ពាន់ copper gold។ iPhone 8 អាច​មាន​អេក្រង់ ៥,១៥អ៊ីញ​ប្រភេទ edge-to-edge OLED ​កម្រិត 2436x1125px ហើយ​ប្រហែល​អាច​បំពាក់​បច្ចេកវិទ្យា​ទំនើប​មិន​ធ្លាប់​មាន​គឺ ស្កេន​មុខ​បើក​សោ Facial Recognition៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s