ពណ៌​មាស​ថ្មី​នៅ​លើ iPhone 8 ​នឹង​ត្រូវ​ហៅឈ្មោះ​ពណ៌ “Blush Gold” ជំនួស​ Copper Gold តម្លៃ​ចាប់ពី $១០០០​



ពណ៌​មាស​ថ្មី ដែល​ទើប​មាន​សេចក្ដី​រាយការណ៍​ថ្មី​នេះ​ថា Copper Gold នោះ ប្រហែល​ត្រូវ​ហៅ​ឈ្មោះ​ផ្សេង​ហើយ។ បើ​តាម​របាយការណ៍​ថ្ងៃ​នេះ អះអាង​ថា ពណ៌​មាស​ថ្មី​នៅ​លើ iPhone 8 ​នឹង​ត្រូវ​ហៅ “Blush Gold” ជំនួស Copper Gold។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​វែបសាយ​បណ្ដាញ​សង្គម​ចិន Weibo។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ពណ៌​មាស Blush Gold នឹង​មាន​នៅ​លើ iPhone ​ស៊េរី​ថ្មី​ជាមួយ​ជម្រើស​អង្គ​ចងចាំ​ពីរ​ទំហំ​ប៉ុណ្ណោះ​គឺ 64GB និង 128GB។

​ផ្អែក​តាម​ការ​បង្ហោះ tweet ដោយ​គណនី Twitter ​មួយ​ឈ្មោះ Benjamin Geskin ​បាន​បង្ហាញ​នូវ​រូប render ស្ដី​ពណ៌​មាស Copper ​លើ iPhone 8។ Geskin ​បាន​សរសេរ​បញ្ជាក់​ថា​ឈ្មោះ​ពណ៌ Blush Gold ត្រូវ​បាន​ហៅ​នៅ​ក្នុង​រោងចក្រ Foxconn ក្នុង​ការ​កំណត់​សម្គាល់​ទូរស័ព្ទ​ពណ៌​ថ្មី​នេះ។ បើ​យោងតាម​សេចក្ដី​រាយការណ៍​ពី​អ្នក​វិភាគ Ming-Chi Kuo មក​ពី​ក្រុមហ៊ុន KGI Securities ​វិញ បាន​លើកឡើង​ថា iPhone 8 ​នឹង​មាន​ជម្រើស​ពណ៌​ថ្មី​គឺ មាស Copper Gold អម​ជាមួយ​ពណ៌ ស និង​ខ្មៅ។ លោក Kuo ​ថែមទាំង​រំពឹង​ថា មាន​តែ ២លាន​គ្រឿង ទៅ ៤លាន​គ្រឿង​ប៉ុណ្ណោះ ដែល iPhone 8 ​ត្រូវ​ផលិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​ចែកចាយ​លក់។ យោងតាម​សេចក្ដី​រាយការណ៍​ខ្លះ ឱ្យ​ដឹង​ថា ជម្រើស​ពណ៌ Blush Gold ​នឹង​ជំនួស​ពណ៌​មាស Rose Gold ​សម្រាប់​ស៊េរី iPhone ​ឆ្នាំ២០១៧ នេះ។ iPhone ជំនាន់​ថ្មី នឹង​ត្រូវ Apple សម្ពោធ​ចេញ​ក្នុង​ខែ​កញ្ញា​ខាង​មុខ ដែល​មាន​ដល់​ទៅ ៣ម៉ូដែល​ផ្សេង​គ្នា​គឺ iPhone 7s, iPhone 7s Plus និង iPhone 8 ​ដែល​ត្រូវ​បាន​ផលិត​ជា​ពិសេស​សម្រាប់​អបអរ​ខួប​ ១០ឆ្នាំ​នៃ​ត្រកូល​ទូរស័ព្ទ iPhone។ មាន​ការ​លើកឡើង​ថា iPhone 8 នឹង​មិន​ថោក​នោះ​ទេ ដោយ​រំពឹង​ថា អាច​មាន​តម្លៃ​ចាប់​ពី​ខ្ទង់​ពាន់​ដុល្លារ (ចាប់ពី $១០០០ ឬ $១១០០)៕   ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  phonearena
X
5s