Panasonic ទើបចេញស្មាតហ្វូនថ្មីម្ដង ២ម៉ូដែល ភ្ជាប់ RAM 3GB, CPU ដល់ Octa-Core តែតម្លៃមិនដល់ $២០០ ទេ !
ក្រុមហ៊ុន Panasonic ថ្មីៗនេះ បានប្រកាសចេញស្មាតហ្វូន Android ថ្មីពីរម៉ូដែល គឺ Eluga A3 និង Eluga A3 Pro មានតម្លៃធូរថ្លៃ តែភ្ជាប់ដោយលក្ខណៈសម្បត្តិបង្គួរល្មមប្រើប្រាស់។
A3 និង A3 Plus ត្រូវបានឌីហ្សាញជាស្មាតហ្វូនធុនមធ្យម តម្លៃធូរថ្លៃរបស់ក្រុមហ៊ុន Panasonic ដែលផលិតសម្រាប់ទីផ្សារឥណ្ឌា។ ចំពោះម៉ូដែល A3 គឺបានប្រើប្រាស់ឈីប MediaTek MT6737 ល្បឿន 1.25GHz quad-core ខណៈម៉ូដែល A3 Pro មានល្បឿន 1.3GHz octa-core នៅលើឈីប MediaTek MT6753។
ទូរស័ព្ទទាំងពីរម៉ូដែល មានអេក្រង់ទំហំ ៥,២អ៊ីញកម្រិត 720spx និងប្រើកញ្ចក់ការពារ Ashai Dragontrail glass។ វាមាន RAM ទំហំ 3GB ប៉ុន្តែសម្រាប់ម៉ូដែល A3 មានអង្គចងចាំត្រឹម 16GB ខណៈម៉ូដែល A3 Pro វិញមានទំហំដល់ 32GB។ ស្មាតហ្វូនទាំងពីរ មានកាមេរ៉ាក្រោយទំហំ 13MP ដូចគ្នា autofocus រីឯកាមេរ៉ាមុខទំហំ 8MP។ ទាំងពីរម៉ូដែលក៏មានកម្លាំងថ្ម 4000mAh និងជាទូរស័ព្ទស៊ីម២ ដូចគ្នា។
ស្មាតហ្វូនធុនមធ្យមទាំងពីរម៉ូដែល នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat អមជាមួយ ARBO ក៏ដូចជា virtual assistant របស់ Panasonic។ Eluga A3 នឹងមានលក់ក្នុងតម្លៃប្រហែល ១៧៦ដុល្លារ ចំណែកម៉ូដែល Eluga A3 Pro វិញតម្លៃប្រហែល ១៩៩ដុល្លារអាមេរិក៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena