ប្រយ័ត្ន! ភាពឯកាអាចសម្លាប់អ្នកលឿនជាងជំងឺធាត់លើសទម្ងន់ទៅទៀត!
អ្នកជំនាញបានលើកឡើងថា ភាពឯកាធ្វើឲ្យមនុស្សស្លាប់លឿនជាងជំងឺធាត់លើសទម្ងន់ទៅទៀត ខណៈដែលអ្នកសិក្សារបានលើកឡើងថា ភាពឯកាត្រូវបានគេចាត់ទុកថា ជាហានិភ័យមួយដល់សុខភាព។
អ្នកដែលមានទំនាក់ទំនងក្នុងសង្គមមិនសូវល្អមានការស្លាប់មុនអាយុ ៥០% បើធៀបទៅនឹងអ្នកដែលមានទំនាក់ទំនងក្នុងសង្គមល្អ។ នេះបើតាមការរបាយការណ៍របស់ការសិក្សាទៅលើអ្នកដែលមានភាពឯកា។ អ្នកសិក្សាស្រាវជ្រាវក្នុងសហរដ្ឋអាមេរិកបានធ្វើការសិក្សាទៅលើឯកសារចំនួន ២១៨ដែលពាក់ព័ន្ធនឹងផលប៉ះពាល់ដល់សុខភាពចំពោះអ្នកមានភាពឯកានិងអ្នកដែលគ្មានទំនាក់ទំនងសង្គមខាងក្រៅ បានរកឃើញថា មនុស្សដែលមិនមានទំនាក់ទំនងសង្គមមានហានិភ័យឈានដល់ការស្លាប់រហូតដល់ ៥០% បើធៀបទៅនឹងអ្នកដែលមានជំងឺធាត់លើសទម្ងន់មានត្រឹមតែ ៣០%ប៉ុណ្ណោះ។
លោកស្រីវេជ្ជបណ្ឌិត Dr. Julianne Holt-Lunstad អ្នកនិពន្ធនិងជាសាស្ត្រាចារ្យចិត្តវិទ្យានៅសាកលវិទ្យាល័យ Brigham Young បានមានប្រសាសន៍ថា ៖«ការទំនាក់ទំនងទៅកាន់អ្នកដទៃនៅក្នុងសង្គមគឺជាតម្រូវការដ៏ចាំបាច់បំផុតរបស់មនុស្ស ដែលវាមានសារៈសំខាន់ទាំងសុខភាពនិងការរស់នៅប្រចាំថ្ងៃរបស់យើង»។ លោកស្រីបានលើកជា ឧទាហរណ៍ថា កូនក្មេងដែលនៅកន្លែងមើលថែទាំក្មេងដែលមិនមានទំនាក់ទំនងជាមួយអ្នកដ៏ទៃ មិនសូវមានសុខភាពរឹងមាំល្អ ហើយឆាប់ស្លាប់។
ការមានអារម្មណ៍ឯកាគឺត្រូវបានគេគិតថាធ្វើឲ្យមនុស្សមានភាពទន់ខ្សោយទាំងផ្លូវអារម្មណ៍និងរាងកាយ ហើយអ្នកដែលមានភាពឯកាមានការឈឺចាប់ធ្ងន់ធ្ងរពេលដែលគេមានជំងឺជាងមនុស្សទូទៅ។ ការសិក្សាថ្មីមួយដោយ Granset គេហទំព័រទំនាក់ទំនងសង្គមសម្រាប់មនុស្សអាយុ ៥០ប្លាយ បានរកឃើញថា បីភាគបួននៃមនុស្សដែលមានវ័យចំណាស់ក្នុងសហរដ្ឋអាមេរិកមានភាពឯកា ដោយ70%នៃអ្នកទាំងនោះស្ទើរតែមិនដែលនិយាយទំនាក់ទំនងទៅកាន់នរណាម្នាក់អំពីអារម្មណ៍របស់ពួកគេទាល់តែសោះ។
បើសិនជាពួកគេនិយាយថា គេមានភាពឯកា មិត្តភ័ក្រនិងគ្រួសាររបស់ពួកគេប្រាកដជាគិតថាជារឿងចម្លែកមិនខាន។ លោកស្រី Holt-Lunstad បានបន្ថែមទៀតថា ភស្ដុតាងបង្ហាញថាកង្វះទំនាក់ទំនងសង្គមខាងក្រៅនិងភាពឯកាធ្វើឲ្យមានការស្លាប់មុនអាយុ ហើយដើម្បីបំបាត់បញ្ហាដែលកំពុងប្រឈមនេះ សាលារៀនគួរតែបង្រៀនក្មេងៗឲ្យមានជំនាញទំនាក់ទំនងសង្គម៕