Samsung ត្រៀម​ប្រកាស​ចេញ​ខ្សែដៃ​ Gear Fit 2 Pro ​ដំណាល​គ្នា​នឹង Note 8 នៅ​ថ្ងៃ២៣ សីហា​ខាង​មុខ តម្លៃក្រោម $១៨០​



ខ្សែ​ដៃ​សុខភាព Gear Fit 2 របស់ Samsung ត្រូវ​បាន​ប្រកាស​ចេញ​កាលពី​ឆ្នាំ​មុន ហើយ​តាម​សេចក្ដី​រាយការណ៍​នៅ​ពេល​នេះ គឺ​ជឿ​ថា ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​ខាង​ត្បូង​នេះ ក៏​នឹង​ត្រៀម​ប្រកាស​ចេញ Gear Fit ជំនាន់​ថ្មី​មួយ​ទៀត ដំណាល​គ្នា​នឹង Galaxy Note 8 គឺ Gear Fit 2 Pro។ ក្រុមហ៊ុន Samsung ​បាន​អះអាង​បញ្ជាក់​នូវ​ឈ្មោះ​ឧបករណ៍ wearable ​ថ្មី​របស់​ខ្លួន ហើយ​ពេល​នេះ​យើង​ក៏​បាន​ឃើញ​រូប​បែកធ្លាយ​ខ្សែដៃ​ថ្មី​នេះ​ដែរ​ហើយ និង​អម​មក​ជាមួយ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន ចុះផ្សាយ​ដោយ​គេហទំព័រ Venture Beat។

រូប​គំរូ​ដែល​គេ​សន្និដ្ឋាន​ជា Gear Fit 2 Pro

ខ្សែដៃ Gear Fit 2

​ស្រដៀង​គ្នា​នឹង​ខ្សែ​ដៃ​ជំនាន់​មុន ដោយ Gear Fit 2 Pro ​អាច​ត្រូវ​បាន​បំពាក់​មក​ជាមួយ​អេក្រង់​កោង AMOLED (មិន​ទាន់​ច្បាស់​អំពី​ទំហំ​អេក្រង់ និង resolution) ​តែ​គេ​រំពឹង​ថា វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Tizen OS ​ហើយ​អាច​ភ្ជាប់​ប្រើ​ជាមួយ​ស្មាតហ្វូន Android និង iOS។ ខ្សែដៃ​សុខភាព​ថ្មី​នេះ អាច​បង្ហាញ​ខ្លួន​ជាមួយ​មុខងារ​មិន​ជ្រាបទឹក 5ATM ដែល​អាច​ធន់​នឹង​ជម្រៅ ៥០ម៉ែត្រ ស័ក្ដសម​សម្រាប់​កីឡាករ ឬ​អ្នក​ចូលចិត្ត​ហែល​ទឹក។

គំរូ Gear Fit 2 Pro

Gear Fit 2 Pro នឹង​មាន​មុខងារ​ music playback (ដែល​មិន​ធ្លាប់​មាន​នៅ​លើ Gear Fit ម៉ូដែល​មុន) ហើយ​គាំទ្រ offline Spotify tracks។ លើស​ពី​នេះ ឧបករណ៍​នេះ អាច​ត្រូវ​បាន​ឌីហ្សាញ​ឱ្យ​មាន​ស្ទីល​ជា​ខ្សែដៃ​មើល​ម៉ោង​បាន​ថែមទៀត។ សេចក្ដី​រាយការណ៍​ថែមទាំង​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Samsung ​មាន​បំណង​ប្រកាស​ចេញ Gear Fit 2 Pro នៅ​ថ្ងៃ​ទី២៣ ខែ​សីហា​ខាង​មុខ ដែល​ជា​ថ្ងៃ​សម្ពោធ Galaxy Note 8 ​តែម្ដង ហើយ​ក៏​មាន​ឧបករណ៍ Gear VR ​ស៊េរី​ថ្មី​អម​ជាមួយ​ផង​ដែរ។ គេ​រំពឹង​ថា ខ្សែ​ដៃ fitness ​ថ្មី​នេះ នឹង​មាន​តម្លៃ​មិន​លើស​ពី តម្លៃ Gear Fit 2 ​ម៉ូដែល​ឆ្នាំ២០១៦ ដែល​មាន​តម្លៃ ១៨០ដុល្លារ​នោះ​ទេ៕   ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  phonearena
X
5s