Nokia 8 បង្ហាញខ្លួនផ្លូវការ ភ្ជាប់ដោយកាមេរ៉ាក្រោយភ្លោះ និងមុខងារថ្មី Bothie ថតរូប/វីដេអូ ពីកាមេរ៉ាមុខ/ក្រោយដំណាលគ្នា(Video)
ស្មាតហ្វូនជំនាន់ថ្មី Nokias 8 ទីបំផុតត្រូវវែកមុខសម្ពោធផ្លូវការកាលពីថ្មីៗនេះ។ វាជាស្មាតហ្វូនទំនើបចេញថ្មីដើរដោយប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Nokia ភ្ជាប់អេក្រង់ ៥,៣អ៊ីញ Quad HD និងមានកម្រិត resolution 2560x1440px ហើយក្រាលដោយកញ្ចក់ការពារ Corning Gorilla Glass 5។
https://youtu.be/GFxSM56kCyU
https://youtu.be/nH8DizzUWhk
ស្មាតហ្វូនថ្មីនេះ ប្រើបន្ទះឈីប Qualcomm Snapdragon 835 បំពាក់មកជាមួយ RAM ទំហំ 4GB និងមានអង្គចងចាំទំហំ 64GB។ ប្រសិនបើអ្នកចង់បានអង្គផ្ទុកទិន្នន័យធំជាងនេះ វាក៏មាននូវរន្ធសម្រាប់ដោតកាតមេម៉ូរីប្រភេទ microSD ផងដែរ ដែលអាចបន្ថែមដល់ទំហំ 256GB។ Nokia 8 ដើរដោយ Android Nougat និងបំពាក់មុខងារសំឡេង Nokia OZO spatial 360 degree audio។
Nokia 8 បានភ្ជាប់នូវមុខងារកាមេរ៉ា Carl Zeiss optics ទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ហើយទាំងពីរបានភ្ជាប់មកជាមួយទំហំ 13MP sensor ដូចគ្នា។ អ្វីដែលពិសេសនោះ Nokia ថែមទាំងបានណែនាំចេញមុខងារ 'Bothies' នៅលើ Nokia 8 ដែលជាមុខងារជំនួយដល់ការថតរូប Selfie ទៀតផង។ មុខងារនេះ អាចចែកផ្ទៃវីដេអូដាច់ចេញពីគ្នា ដែលគេថែមទាំងអាច live stream វានៅលើ Facebook និង YouTube បាន។
Nokia 8 ថែមទាំងបានភ្ជាប់មកជាមួយមុខងារ Google Assistant ហើយវាអាចរក្សាទុករូបថតដោយមិនកំណត់ជាមួយសេវាកម្ម Google Photo។ ស្មាតហ្វូននេះ ត្រូវបានផលិតពីអាលុយមីញ៉ូម 6000 series ដែលធ្វើឱ្យតួខ្លួនរឹងមាំល្អ ហើយមានជម្រើសពណ៌ស្រស់ស្អាតថែមទៀត។ ស្មាតហ្វូនចេញថ្មីរបស់ក្រុមហ៊ុនហ្វាំងឡង់នេះ មានកម្លាំងថ្ម 3090mAh មាន WiFi, Bluetooth និងប្រព័ន្ធសេវា 4G LTE។
Nokia នឹងចេញលក់ស្មាតហ្វូន Nokia 8 នៅទីផ្សារអឺរ៉ុបចាប់ពីខែកញ្ញាខាងមុខតទៅ ហើយនឹងមានលក់រាយតម្លៃប្រហែល ៥៩៩អឺរ៉ូ ឬប្រហែល ៧០០ដុល្លារអាមេរិក៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Nokia