Ford និង DHL បង្អួតរថយន្តអគ្គិសនីរបស់ខ្លួន ត្រៀមដាក់ឱ្យចរាចរចុងឆ្នាំ ២០១៧ ប្រមាណ ១៥០គ្រឿងដំណាក់កាលដំបូង
Ford កាលពីខែមិថុនាកន្លងទៅ បានបញ្ជាក់ឱ្យដឹងថា ខ្លួនបានឈ្មោះក្នុងកិច្ចសន្យាមួយ លើការបង្កើតកងរថយន្តដឹកទំនិញប្រើអគ្គិសនី សម្រាប់ Deutsche Post របស់ DHL Group ប្រចាំនៅអាល្លឺម៉ង់។ ហើយកាលពីថ្ងៃពុធសប្ដាហ៍នេះដែរ ក្រុមហ៊ុនក៏បានបង្ហាញចេញសមិទ្ធផលថ្មី ដែលជារថយន្តដឹកទំនិញប្រើអគ្គិសនីដំបូងហើយ។
រថយន្តដឹកទំនិញ ប្រើអគ្គិសនីពេញលេញ (all-electric package-mover) នេះ ក៏ត្រូវបានចួលរួមសហការផលិតដោយក្រុមហ៊ុន StreetScooter ផងដែរ ក្រៅពីមាន Ford ឈរពីក្រោយហើយនោះ។ វាជាប្រភេទរថយន្ត Van ដែលត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា Ford Transit និងដំណើរការដោយថាមពលអគ្គិសនីទាំងស្រុង។
រថយន្តនេះ ប្រើប្រព័ន្ធថ្មម៉ូឌុល (modular battery system) ដែលបង្កើតបានថាមពល 30kWh ទៅ 90kWh សម្រាប់ផ្គត់ផ្គង់ដល់រថយន្ត និងអាចរត់បានចម្ងាយពី ៨០គីឡូម៉ែត្រ ទៅ ២០០គីឡូម៉ែត្រ។ តួរថយន្តត្រូវបានឌីហ្សាញ និងផលិតឱ្យមានស្តង់ដាររបស់ DHL ដើម្បីអាចផ្ទុកកញ្ចប់ ឬប្រអប់ទំនិញបានលើសពី ២០០ ទើបត្រូវស្តង់ដារជារថយន្តដឹកទំនិញ។ រថយន្ត Van ប្រើអគ្គិសនីប្រមាណ ១៥០គ្រឿង នឹងត្រូវដាក់ឱ្យចរាចរនៅក្នុងឆ្នាំ២០១៧ នេះ ហើយនៅឆ្នាំ២០១៨ ខាងមុខ គេរំពឹងថា នឹងឃើញវត្តមាន e-Van នេះប្រមាណដល់ ២៥០០គ្រឿងថែមទៀត៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot