Hacker ថាបានបំបែកប្រព័ន្ធសុវត្ថិភាព (decrypted) លើបន្ទះ Security Chip ក្នុងទូរស័ព្ទ iPhone បាន ! តែ Apple មិនព្រួយទេ ..
ដើម្បីផ្ដល់សុវត្ថិភាពក្នុង Touch ID ចាប់ពីជំនាន់ iPhone 5s ឡើងមក ក្រុមហ៊ុន Apple បានបញ្ចូលបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Secure Enclave Processor (ឬ SEP)។ វាជាបណ្ដុំ hardware ដែលមានចាប់ពី iPhone 5s ឡើងទៅ ប្រើប្រាស់ដើម្បីធ្វើឱ្យទិន្នន័យមានសុវត្ថិភាពខ្ពស់ក្នុងភាពជាឯកជន (គិតទៅលើ Password, Fingerprint និងអ្វីៗទាំងឡាយពាក់ព័ន្ធនឹងការ cryptography) ដែលមាននៅក្នុង កូនឈីប coprocessor ដ៏តូច។
ហើយមកដល់ពេលនេះ SEP នៅតែជាប្រអប់ខ្មៅ (black box) មួយយ៉ាងស្អាតបិទជិត ដោយ firmware ធ្វើ encrypted។ វាមានស្រទាប់ layer សុវត្ថិភាពមួយ ប៉ុន្តែឥឡូវនេះ ត្រូវបានហែក (compromise) ដោយបានបង្ហាញចេញជាសាធារណៈ អំពីការ decryption ដោយ hacker ម្នាក់ ឈ្មោះ xerub នៅលើ GitHub។
វាពិតជាដំណឹងគួរភ្ញាក់ផ្អើលមួយសម្រាប់ អ្នកប្រើ iPhone ឬឧបករណ៍ iDevice ទាំងឡាយ។ ទោះជាយ៉ាងណា ប្រភពព័ត៌មានពី TechRepublic បានអះអាងថា ទិន្នន័យរបស់អ្នកប្រើដែលគ្រប់គ្រងដោយ SEPនៅតែមានសុវត្ថិភាពដដែល ពុំមានបែកធ្លាយចេញនោះឡើយ។ តាមពិត ក៏មានការអះអាងផ្សេងថា ឥឡូវវាអាចត្រូវ hacker ជ្រៀតចូល ហើយ firmware កំពុងត្រូវបានត្រួតពិនិត្យដោយក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព ហើយអាចត្រូវជួសជុលចន្លោះប្រហោងបានទាន់ពេល មុនពេលត្រូវទម្លាយចេញដោយ malicious third party។
ទោះជាយ៉ាងណា Apple ហាក់មិនបង្ហាញក្ដីព្រួយបារម្ភអំពីបញ្ហានេះទេ ខណៈបុគ្គលិកមិនបញ្ចេញឈ្មោះម្នាក់របស់ Apple បានប្រាប់ទៅគេហទំព័រ TechRepublic ដោយអះអាងថា ក្រុមហ៊ុនគ្មានគម្រោងធ្វើអ្វីជុំវិញ ឬជួសជុលបញ្ហាដែលគេលើកឡើង ពាក់ព័ន្ធ firmware របស់ SEP នោះទេ ព្រោះក្រុមហ៊ុនមានការជឿជាក់នឹងប្រព័ន្ធសុវត្ថិភាពខ្លួន៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena