iPhone 8 នឹងត្រូវសម្ពោធផ្លូវការ ជាមួយ RAM 3GB អង្គចងចាំដល់ 512GB ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រស្មាតហ្វូន
ថ្មីៗនេះ យើងបានឮដំណឹងផ្សេងៗគ្នា អំពី iPhone 8 របស់ Apple ហើយឥឡូវនេះ មានសេចក្ដីរាយការណ៍ឱ្យដឹងពីលក្ខណៈសម្បត្តិបន្ថែម ដែលរំពឹងនឹងមានលើកំពូលទូរស័ព្ទមួយនេះ។ តាមរបាយការណ៍ថ្មីនេះ អះអាងថា iPhone 8 នឹងបង្ហាញខ្លួនផ្លូវការ ភ្ជាប់ជាមួយ RAM ទំហំ 3GB។
ប្រភពដដែលថែមទាំងឱ្យដឹងទៀតថា កំពូលស្មាតហ្វូនគម្រប់ខួបទូរស័ព្ទម៉ូដែល iPhone នេះ នឹងមានអង្គចងចាំ ៣ទំហំផ្សេងគ្នា គឺ ទំហំ 64GB, 256GB និងមានរហូតទៅដល់ 512GB ឯណោះ។ យើងក៏បានដឹងខ្លះៗនូវរបាយការណ៍ពាក់ព័ន្ធលក្ខណៈសម្បត្តិ iPhone 8 នេះកន្លងមកផងដែរ វានឹងបំពាក់ដោយអង្គប្រតិបត្តិជំនាន់ថ្មី គឺ Apple A11 ដែលធ្វើឱ្យល្បឿនដំណើរការរឹតតែរលូនលឿនជាង iPhone ជំនាន់មុនៗ។ ឈីប Apple A11 ត្រូវរំពឹងថា នឹងលឿនជាងមុន ៣០% ប្រៀបធៀបឈីបបំពាក់លើ iPhone បច្ចុប្បន្ន ហើយក៏នឹងត្រូវបានកែលំអលើក្រាហ្វិកថែមទៀត។
https://youtu.be/WZmn7eoX_hE
https://youtu.be/CPzNA7bJ1cg
https://youtu.be/Kxx-_5ElfU0
iPhone 8 នឹងក្រាលដោយអេក្រង់ប្រភេទ OLED តែទំហំពិតប្រាកដមិនទាន់មានការអះអាងគួរឱ្យទុកចិត្តបាននៅឡើយ តែគេរំពឹងថា វាអាចមានទំហំ ៥,៨អ៊ីញ។ iPhone 8 ក៏នឹងមានរចនាបថឌីហ្សាញថ្មី មានគែមអេក្រង់ស្ដើង ហើយអាចមានសមាសធាតុផលិតខុសពី iPhone 7។ ទូរស័ព្ទទំនើបនេះ នឹងត្រូវបានផលិតពីលោហៈប្រភេទ stainless steel ហើយក្រាលដោយកញ្ចក់នៅផ្នែកខាងក្រោយ អមជាមួយកាមេរ៉ាក្រោយភ្លោះ (dual camera) បច្ចេកវិទ្យាថ្មី កែលំអពី dual camera នៅលើ iPhone 7 Plus ថែមទៀត។
iPhone 8 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 11 ហើយគេរំពឹងថា វានឹងត្រូវក្រុមហ៊ុន Apple សម្ពោធចេញផ្លូវការនៅខែកញ្ញាក្រោយនេះ។ Apple ថែមទាំងអាចចេញស្មាតហ្វូន ២ម៉ូដែលផ្សេងទៀតដំណាលនឹង iPhone 8 ដែរ គឺ iPhone 7s និង 7s Plus៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Techtastic