ទីបំផុត Samsung សម្ពោធ​ Galaxy Note 8 ​​​ផ្លូវការ មាន​​កាមេរ៉ា​ភ្លោះ អេក្រង់ HDR Premium, RAM 6GB អាច​កុម្ម៉ង់​ចាប់ពី​ស្អែក​តម្លៃ​ប្រហែល $១១០០​



ទីបំផុត​ព្រឹត្តិការណ៍ Samsung Unpacked ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ឡុងដុង ​បាន​មក​ដល់ ហើយ​ក្រុមហ៊ុន Samsung ក៏​បាន​បង្ហាញ​វត្តមាន​កំពូល​ទូរស័ព្ទ​ត្រកូល Note ជំនាន់​ថ្មី គឺ Galaxy Note 8 របស់​ខ្លួន​ផង​ដែរ។ ផេប្លេត Note 8 នេះ​បាន​ភ្ជាប់​មក​ជាមួយ​អេក្រង់​ទំហំ ៦,៣អ៊ីញ​ប្រភេទ Super AMOLED ​ជា​អេក្រង់ Infinity Display ដែល​មាន​គែម​អេក្រង់​ដ៏​ស្ដើង និង​កោង​ឃុប​នៅ​ផ្នែក​ចំហៀង​ឆ្វេង​ស្ដាំ ជាមួយ​កម្រិត 18:5.9 aspect ratio។ វា​ពិត​ជា​ស្រដៀង​នឹង Galaxy S8+ ខ្លាំង ក៏​ប៉ុន្តែ​ចំណុច​ដែល​គួរ​កត់​សម្គាល់​ជាង​គេ គឺ Note 8 លើស​ប៊ិច S-Pen។

ដូច​ការ​រំពឹង​ទុក Galaxy Note 8 ក៏​បាន​បំពាក់​អេក្រង់​កម្រិត​បង្ហាញ​រូប​ខ្ពស់​គឺ QHD+ ​និង​គាំទ្រ​នូវ Mobile HDR Premium ​ដូច​នៅ​លើ​ស៊េរី Galaxy S8 ដែរ គឺ​មាន​ន័យ​ថា វា​មាន​កម្រិត​ដូច​ទៅ​នឹង HD TV អីចឹង ហើយ​ក្រុមហ៊ុន​ក៏​បាន​បញ្ចូល​មុខងារ Always-On ​ផង​ដែរ។ ចំណែក​មុខងារ multi-tasking ​របស់ Samsung ​គឺ​បាន​ត្រឡប់​មក​វិញ ដែល​គេ​អាច​ចែក​ស្គ្រីន split-screen ​សម្រាប់​បើក​កម្មវិធី​ម្ដង​បាន​ពីរ​បាន ហើយ​ក៏​អាច​បើក​កម្មវិធី​ដូច​គ្នា ចំនួន២ ក្នុង​ពេល​តែ​មួយ​ផង​ដែរ។ https://youtu.be/RKYjdTiMkXM

Galaxy Note 8 បាន​ប្រើប្រាស់​ស្តង់ដារ​មិន​ជ្រាប​ទឹក IP68 ហើយ​ក៏​មិន​ចូល​ធូលី (dust resistant)។ មិន​ខុស​នឹង Galaxy Note ជំនាន់​មុនៗ​ឡើយ ដោយ Note 8 ​មាន​នូវ​ប៊ិច S-Pen ​សម្រាប់​តម្រូវ​លើ​កិច្ចការ​ដែល​ត្រូវ​សរសេរ​បាន​យ៉ាង​ជំនាញ។ វា​ប្រើ​បន្ទះ​ឈីប 10nm Exynos 8895 ​និង​មាន​ជម្រើស​ម៉ូដែល​ប្រើ​ឈីប Snapdragon 835 ផង​ដែរ ដែល​ជា octa-core CPU ​សម្រាប់​លក់​លើ​ទីផ្សារ​ខុស​គ្នា ហើយ​វា​មាន RAM ទំហំ 6GB ដូច​គ្នា។

Note 8 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ​និង​បាន​បញ្ចូល​មុខងារ Bixby AI assistant ​ហើយ​ទូរស័ព្ទ គាំទ្រ​សម្រាប់​ការ​ប្រើប្រាស់​ជា​មួយ Gear VR ជំនាន់​ចុងក្រោយ និង​គ្រឿង​បន្សំ DeX ​ពី​ក្រុមហ៊ុន Samsung ផង​ដែរ។

ចំណុច​សំខាន់​មួយ​ទៀត​នៅ​លើ Note 8 គឺ​នៅ​ត្រង់​កាមេរ៉ា​របស់​វា​តែម្ដង។ បន្ទាប់​ពី​មាន​ដៃគូ​ប្រកួតប្រជែង​ច្រើន​ទៅ​លើ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នោះ ក្រុមហ៊ុន Samsung នៅ​ទី​បំផុត បាន​នាំ​យក​បច្ចេកវិទ្យា dual camera ​បំពាក់​លើ Note 8 ហើយ ដែល​មាន​ទំហំ 12MP ទាំង​ពីរ តែ​ប្រភេទ sensor ផ្សេង​គ្នា មួយ​ជា standard sensor ខណៈ​មួយ​ទៀត​ជា monochrome sensor សម្រាប់​បំពេញ​ការ​ថត​រូប ស/ខ្មៅ (black and white)។ Standard sensor សម្រាប់​ថត​ទម្រង់ “wide angle” shot ​ខណៈ monochrome sensor សម្រាប់ telephoto shot។ លើស​ពី​នេះ កាមេរ៉ា Note 8 មាន​នូវ 2x Optical Zoom ដែល​កែលំអ​សម្រាប់​ការ​ថត​រូប​នៅ​ទី​ខ្សោយ​ពន្លឺ អាច​រក្សា​គុណភាព​នៅ​ច្បាស់​ល្អ។ ចំណែក​កាមេរ៉ា​មុខ​របស់​វា មាន​ទំហំ 8MP ​កម្រិត f/1.7។

Note 8 នឹង​មាន​លក់​នៅ​ថ្ងៃ​ទី១៥ កញ្ញា​ក្រោយ​នេះ តែ​អតិថិជន​អាច​ធ្វើ​ការ​កុម្ម៉ង់​ផេប្លេត​ទំនើប​នេះ​ចាប់ពី​ថ្ងៃ​ស្អែក​តទៅ​ហើយ ដែល​មាន​តម្លៃ​ចាប់ពី​ខ្ទង់​ជាង ១១០០ដុល្លារ ឬ​លើស​ពី​នេះ អាស្រ័យ​លើ​ទីផ្សារ​ខុសៗ​គ្នា។ Note 8 នឹង​មាន​ជម្រើស​ពណ៌​ដូច​ជា ពណ៌​ខ្មៅ ទឹកប្រាក់ ប្រផេះ មាស និង​ខៀវ​ដិត​ប្រភេទ​ទឹកសមុត្រ​ជ្រៅ៕

យើង​នឹង​ធ្វើការ​ចុះផ្សាយ​ពី​លក្ខណៈ​សម្បត្តិ​លំអិត ព្រម​ទាំង​មុខងារ​ថ្មីៗ នៅ​លើ Note 8 នៅ​ពេល​បន្ទាប់ ... ដោយ៖ រឹទ្ធិរាជ ប្រភព៖  phonearena, knowyourmobile
X
5s