ក្រៅពី Note 8 Samsung ក៏​នៅ​មាន​ខ្សែដៃ​ទំនើប​ស៊េរី​ថ្មី​បង្ហាញ​សាធារណជន​ផង​ដែរ គឺ Gear Fit2 Pro តម្លៃ​ចាប់ពី $១៩៩​



​ព្រឹត្តិការណ៍ Samsung Unpacked ​នៅ​ក្រុង​ញូវយ៉ក​ទើប​បាន​បញ្ចេញ​ទៅ​កាលពី​យប់​មិញ ដោយ​បាន​នាំ​មក​នូវ​វត្តមាន​កំពូល​ទូរស័ព្ទ​ប្រើ​ប៊ិច​យ៉ាង​ទំនើប Galaxy Note 8។ វា​ជា​ផេប្លេត​ត្រកូល Note ជំនាន់​ក្រោយ​បន្ទាប់​ពី Note 7 ដែល​ត្រូវ​បាន​ក្រុមហ៊ុន​សម្រិតសម្រាំង ជា​ពិសេស ទាំង​រចនាបថ​ឌីហ្សាញ​គែម​អេក្រង់​ស្ដើង កាមេរ៉ា​ភ្លោះ​លើក​ដំបូង បច្ចេកវិទ្យា​សាកថ្ម Wireless Charging ​និង​មិន​ចូល​ទឹក ក៏​ដូច​ជា​មុខងារ​ផ្សេងៗ​ទៀត។ ក្រៅពី Note 8 ​ក្រុមហ៊ុន​ក៏​នៅ​មាន​ខ្សែ​ដៃ Gear Fit ជំនាន់​ថ្មី​ផង​ដែរ ម៉ូដែល Gear Fit 2 Pro។

តាម​ពិត Gear Fit 2 Pro ត្រូវ​បាន​បង្ហាញ​ផ្លូវការ នៅ​​រយៈពេល​ប៉ុន្មាន​ម៉ោង​ពេល ព្រឹត្តិការណ៍ Samsung Unpacked ចាប់ផ្ដើម​ទៅ​ទៀត។ វា​ជា​ខ្សែ​ដៃ​ពោរពេញ​ដោយ​មុខងារ​មាន​សមត្ថភាព​ខ្ពស់ មាន​អេក្រង់​ទំហំ ១,៥អ៊ីញ កម្រិត 216x432px ជា​អេក្រង់​កោង Super AMOLED, មាន​ប្រព័ន្ធ GPS កម្លាំង​ថ្ម 200mAh ​និង​អម​ដោយ​អង្គ​ចងចាំ​ទំហំ 4GB។ ខ្សែដៃ​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Tizen OS របស់ Samsung ផ្ទាល់ ហើយ Gear Fit 2 Pro ក៏​មាន​មុខងារ​មិន​ជ្រាប​ទឹក Waterproof ​ធន់​ដល់​ជម្រៅ ៥០ម៉ែត្រ​ថែមទៀត។

ពេល​អ្នក​ស្ថិត​ក្នុង​ពេល​កំពុង​ហ្វឹកហាត់​កីឡា Gear Fit 2 Pro នឹង​ធ្វើការ​ចាប់​យក​ប្រភេទ​សកម្មភាព​ដែល​អ្នក​កំពុង​ធ្វើ​ដោយ​ស្វ័យប្រវត្តិ និង​រក្សា​ព័ត៌មាន​នោះ​ទុក មិន​ថា​ការ​លេង​ tennis ឬ running នោះ​ទេ។ មិន​មាន​ការ​បញ្ជាក់​ពី​តម្លៃ​ពិត​ប្រាក់ ឬ​កាលបរិច្ឆេទ​ផ្លូវការ ដែល Gear Fit2 Pro ​នឹង​មាន​លក់​លើ​ទីផ្សារ​នៅ​ឡើយ គ្រាន់តែ​គេ​រំពឹង​ថា វា​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ជាមួយ​តម្លៃ​ចាប់ពី ១៩៩ដុល្លារ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  gsmarena
X
5s