ស្ងាត់ៗ Samsung បញ្ចេញ​ស្មាតហ្វូន​ត្រកូល J ស៊េរី​ថ្មី​ គឺ J7+ ភ្ជាប់​កាមេរ៉ា​ភ្លោះ​ RAM 4GB​ បើក​ឆាក​លក់​នៅ​ថៃ​​តម្លៃ $៣៩០​



​ក្រុមហ៊ុន Samsung ថ្មីៗ​នេះ​ទើប​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ ​ម៉ូដែល Galaxy J7+។ J7 Plus ​ភ្ជាប់​ដោយ​អេក្រង់​ទំហំ ៥,៥អ៊ីញ​កម្រិត Full HD 1920x1080px។ ស្មាតហ្វូន​ថ្មី​នេះ ប្រើ​បន្ទះ​ឈីប MediaTek Helio P20 ​និង​មាន RAM 4GB ​អង្គ​ចងចាំ​ទំហំ 32GB។

ប្រសិន​អ្នក​ត្រូវការ​មេម៉ូរី​ធំ​ជាង​នេះ គឺ​អាច​ប្រើ​កាត microSD ​ដល់ 256GB បាន។ សមាជិក​ត្រកូល J ថ្មី​នេះ បំពាក់​កាមេរ៉ា​សមត្ថភាព​ខ្ពស់ ទាំង​ខាង​ក្រោយ និង​ខាង​មុខ ហើយ​កាមេរ៉ា​ក្រោយ​ជា​កាមេរ៉ា​ភ្លោះ ដែល​មួយ​ទំហំ 13MP sensor និង​មួយ​ទៀត​ទំហំ 5MP sensor។ រីឯ​កាមេរ៉ា​មុខ​វិញ​ទំហំ 16MP ​សម្រាប់​ថត​វីដេអូ និង​រូប selfie បាន​ច្បាស់​ល្អ​ផង​ដែរ។

Galaxy J7+ ​មាន​កម្លាំង​ថ្ម 3000mAh ​ហើយ​នឹង​មាន​ជម្រើស​ពណ៌​ដូច​ជា ខ្មៅ មាស និង​ពណ៌​ផ្កាឈូក។ ស្មាតហ្វូន​នេះ​នឹង​មាន​លក់​រាយ​នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ ក្នុង​តម្លៃ​ប្រហែល ៣៩០ដុល្លារ​អាមេរិក ខណៈ​កាលបរិច្ឆេទ​នឹង​មាន​លក់​លើ​ទីផ្សារ​ដទៃ​នៅ​ពុំ​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​នៅ​ឡើយ៕

  ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ SamsungGSM Arena
X
5s