សម្ពាធ ៣ យ៉ាងដែលយុវជនភាគច្រើនតែងជួបប្រទះ!
ជាការពិត មិនអាចប្រកែកបាននោះទេ អាយុកាន់តែច្រើន ទំនួលខុសត្រូវក៏កាន់តែច្រើនដែរ។ ទំនួលខុសត្រូវកាន់តែច្រើន ការចំណាយក៏កាន់កើនឡើងផងដែរ។ អ្វីដែលសង្កេតយើងអាចសង្កេតឃើញជាក់ស្ដែង គឺ ក្មេងជំទង់មួយចំនួនពុំបានត្រៀមខ្លួនរួចរាល់សម្រាប់ជីវិតបែបមនុស្សធំនោះទេ។ ខាងក្រោមនេះ គឺជាអ្វីដែលក្មេងវ័យជំទង់ច្រើនតែជួបប្រទះ៖
១) សម្ពាធពីឪពុកម្ដាយ៖ ក្មេងជំទង់មួយចំនួនប្រហែលជាកំពុងសិក្សាកម្រិតថ្នាក់ឧត្ដមសិក្សា ដូច្នេះហើយមានន័យថា ពួកគេនឹងបញ្ចប់ការសិក្សានាពេលដ៏ខ្លីខាងមុខនេះ។ ឪពុកម្ដាយមួយចំនួនបានរំពឹងខ្ពស់ទៅលើកូនរបស់ពួកគាត់ ដោយសង្ឃឹមថា កូនរបស់ពួកគាត់អាចរកការងារល្អបាន និងទទួលបានប្រាក់កម្រៃខ្ពស់។ ជាក់ស្ដែង ទីផ្សារការងារឥឡូវមានការប្រកួតប្រជែងខ្លាំង ដែលធ្វើឲ្យកូនមានសម្ពាធខ្លាំង ដោយខ្លាចមិនអាចធ្វើបានដូចអ្វីដែលឪពុកម្ដាយបានរំពឹងទុក និងខិតខំចំណាយឱ្យខ្លួនបានរៀនសូត្រ។
២) សម្ពាធពីមិត្តភ័ក្ដិ៖ ជាការពិត ពេលយុវជនឈានដល់ វ័យខ្ទង់ម្ភៃ គួរណាតែឈប់ចាយលុយឪពុកម្ដាយទៀតហើយ។ យុវជននិងក្មេងជំទង់ខ្លះ បានរកការងារធ្វើឬចាប់ផ្ដើមជំនួញដោយខ្លួនឯង។ ចំពោះមនុស្សដែលពុំមានការងារធ្វើនិងជំនួញផ្ទាល់ខ្លួនធ្វើឲ្យពួកគាត់មានសម្ពាធហើយគិតថាខ្លួនឯងគ្មានប្រយោជន៍។
៣) សម្ពាធពីសាច់ញាតិ៖ ចំពោះយុវជនខ្លះបើទោះបីជាមានការងារឬអាចរកប្រាក់ចំណូលបានតិចតួចក៏ពិតមែន តែដោយសារតែសាច់ញាតិអាចរកលុយបានច្រើន អាចជួយឪពុកម្ដាយរបស់ពួកគេប្រចាំខែឬចេញលុយឲ្យឪពុកម្ដាយរបស់ពួកគេទៅដើរលេងនៅក្រៅប្រទេសជាដើម ចំណុចទាំងនេះក៏អាចធ្វើឲ្យយុវជនខ្លះមានសម្ពាធផងដែរព្រោះនៅសង្គមយើង ឪពុកម្ដាយមួយចំនួនក៏ចូលចិត្តប្រៀបធៀបកូនរបស់គាត់ ទៅនឹងអ្នកដទៃណាស់៕
ដោយ៖ អុឹង មុយយូ