Galaxy Note 8 ដាក់ឱ្យ Pre-Order ថ្ងៃដំបូងភ្លាមដាច់អស់ ៤០ម៉ឺនគ្រឿងគិតតែនៅកូរ៉េ !
វាជាការពិតទៅហើយ ដែល Samsung Galaxy 8 អាចធ្វើបាន គឺអន្ទងចិត្តអតិថិជនបានចំនួនដ៏ច្រើន គ្រាន់តែគិតក្នុងរយៈពេលដាក់ឱ្យបញ្ជាទិញ Pre-Order ថ្ងៃទី១ គឺដាច់អស់ដល់ទៅ ៤០ម៉ឺនគ្រឿងឯណោះ។ នេះគឺគិតតែនៅលើទីផ្សារប្រទេសកូរ៉េដែលជាទឹកដីកំណើតរបស់ខ្លួនប៉ុណ្ណោះ Samsung អាចច្បាមអ្នកគាំទ្រកុម្ម៉ង់ចំនួនប្រហែល 400,000 គ្រឿងទៅហើយ ដែលគិតត្រឹមថ្ងៃដាក់ឱ្យបញ្ជាទិញថ្ងៃទី១។
ក្រុមហ៊ុន អាចគ្រប់គ្រងការបញ្ជាទិញពីអតិថិជននូវទូរស័ព្ទ Galaxy Note 8 រហូតដល់ចំនួន 395,000 ឯណោះ គិតត្រឹមថ្ងៃដំបូង ដែលវាខ្ពស់ជាងតែបន្តិចប៉ុណ្ណោះប្រៀបធៀបនឹង Galaxy Note 7 កាលពីឆ្នាំទៅ ដែលធ្វើបាន 380,000។ យ៉ាងណា វាមិនមែនជារឿងអាក្រក់នោះឡើយ។
យោងតាមក្រុមហ៊ុន Samsung ផ្ទាល់ថា Note 8 ម៉ូដែល 64GB ហាក់ទទួលបានប្រជាប្រិយភាពខ្លាំងជាងគេ ក្នុងចំណោមតួលេខបញ្ជាទិញថ្ងៃដំបូងខាងលើ គឺក្ដាប់បាន ៦៥%។ វាមិនមានអ្វីគួរភ្ញាក់ផ្អើលនោះទេ ដែល Note 8 ពណ៌ Blue និង Black លក់ដាច់បំផុត រៀងគ្នា។
សំណួរមួយសួរថា តើចំពោះទីផ្សារពិភពលោកវិញ Samsung នឹងធ្វើបានល្អកម្រិតណា ជាមួយវត្តមាន Note 8? គេជឿថា Galaxy Note 8 អាចជាអាវុធខ្លាំងសម្រាប់ Samsung រកប្រាក់ចំណូលចូលក្រុមហ៊ុនក្នុងឆ្នាំ២០១៧ នេះ ក៏ដូចជារួមចំណែកសម្រាប់ឆ្នាំ២០១៨ ខាងមុខ ខណៈវត្តមាន Galaxy S9 ក៏នឹងត្រៀមនៅដើមឆ្នាំក្រោយផងដែរ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Ubergizmo