iPhone ​ថ្មី​ទាំង​៣ គឺ​​​ឈ្មោះ iPhone X, iPhone 8 និង iPhone 8 Plus គ្មាន 7S ​ទេ ហើយគ្រប់​ម៉ូដែល​ នឹង​មាន​​ផ្ទៃ​មុខ​ខ្មៅ​​



​iPhone X របស់ Apple នឹង​ត្រូវ​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ព្រឹត្តិការណ៍​មេឌា​ថ្ងៃ​១២ កញ្ញា ស្អែក​នេះ​តែម្ដង ដែល Apple បាន​ប្រកាស​សេចក្ដី​អញ្ជើញ​សាធារណជន អ្នក​កាសែត​ចូលរួម​ហើយ​ដែរ។ ព្រឹត្តិការណ៍​នឹង​រៀបចំ​ឡើង​ក្នុង​សាល Steve Jobs Theater ​ស្ថិត​ក្នុង​ស្នាក់ការ​ថ្មី Apple Park តែម្ដង។ ខណៈ​នេះ​ដែរ មាន​សេចក្ដី​រាយការណ៍​មក​ថា iPhone ​ថ្មី​នឹង​មាន​ឈ្មោះ iPhone X, iPhone 8 និង iPhone 8 Plus ពោល​គឺ​គ្មាន​ស៊េរី 7s នោះ​ទេ។ បើ​ដូច្នេះ​មែន iPhone ស៊េរី​កំពូល​ដែល Apple ​ផលិត​ជា​ពិសេស​ភ្ជាប់​អេក្រង់ OLED ​សម្រាប់​អបអរ​ខួប​ទូរស័ព្ទ iPhone ១០ឆ្នាំ​នោះ នឹង​ជា iPhone X មិនមែន iPhone 8 ដូច​របាយការណ៍​មុនៗ​ទេ។

គេ​រំពឹង​ទៀត​ថា ក្រៅពី​វត្តមាន iPhone ថ្មី​ទាំង៣ ក្រុមហ៊ុន Apple ថែមទាំង​នឹង​ប្រកាស Apple Watch ជំនាន់​ថ្មី​ឬ Apple Watch 3 ​និង​មាន​ទូរទស្សន៍​ស៊េរី​ថ្មី Apple TV 4K ​ផង​ដែរ។ យោងតាម​អ្នក​វិភាគ Kuo ​លើកឡើង​ថា រាល់ iPhone ជំនាន់​ថ្មី​របស់ Apple នឹង​ក្រាល​ដោយ​ផ្ទៃ​មុខ​ពណ៌​ខ្មៅ​គ្រប់​ម៉ូដែល។ នេះ​អាច​ជា​វិធី​ក្នុងការ​ដែល Apple ចង់​បន្ថែម​ជម្រើស​ពណ៌​លើ iPhone ជំនាន់​ថ្មី ដូច​ជាំ​ពណ៌ ប្រាក់, ក្រហម, មាស ឬ​មាស​ក្រហម (rose gold) ដូច​នៅ​លើ​ស៊េរី iPhone 5c ដែល​មាន​លក់​មាន​ផ្ទៃ​មុខ​ពណ៌​ស។ iPhone X ត្រូវ​គេ​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​ជាមួយ​បច្ចេកវិទ្យា​ថ្មី​មិន​ធ្លាប់​មាន​គឺ 3D facial recognition sensor ដែល​អាច​ស្កេន​ផ្ទៃ​មុខ​មនុស្ស​ បំពាក់​នៅ​លើ​កាមេរ៉ា FaceTime ខាង​មុខ។ Apple ត្រូវ​គេ​រំពឹង​ថា នឹង​ផលិត iPhone X អេក្រង់​ទំហំ ៥,៨អ៊ីញ គែម​ស្ដើង យ៉ាង​ទំនើប (bezel-less) ប្រភេទ OLED។ យើង​មិន​ទាន់​អាច​និយាយ​បាន​យ៉ាងណា​នៅ​ឡើយ សម្រាប់​ខណៈ នេះ គឺ​មាន​តែ​រង់ចាំ​ថ្ងៃ​ស្អែក​ទើប​ដឹង​ចម្លើយ​ទាំងអស់​គ្នា។ Äpple នឹង​ប្រកាស iPhone ​ថ្មី​ទាំង​៣ ដែល​មាន​ទំហំ​រៀង​គ្នា អេក្រង់ ៥,៨អ៊ីញ (iPhone X), អេក្រង់ ៥,៥អ៊ីញ (iPhone 8 Plus) និង​អេក្រង់ ៤,៧អ៊ីញ (iPhone 8) នៅ​ថ្ងៃ​១២ កញ្ញា​ស្អែក​នេះ ពោល​គឺ​នៅ​ម៉ោង ១២​ពាក់​កណ្ដាល​អាធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ ១៣កញ្ញា៕​ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  redmondpie
X
5s