Mercedes ទើបចេញរថយន្តប្រណិត សមត្ថភាពខ្លាំង hypercar កម្លាំងម៉ាស៊ីនកប់ដល់ ១០០០សេះ តម្លៃ ២,៧លានដុល្លារ !
បច្ចុប្បន្នសង្កេតឃើញរថយន្តទំនើបប្រភេទ supercars បង្ហាញខ្លួនជាបន្តបន្ទាប់ដោយក្រុមហ៊ុនរថយន្តល្បីៗដូចជា Ferrari និង Porsche ដោយរថយន្តទាំងនោះ ប្រើប្រាស់ម៉ូទ័រអគ្គិសនីទៅលើកម្លាំងរមូល torque។ ចំណែកពេលនេះដែរ Mercedes-Benz ក៏បានណែនាំរថយន្តប្រណិតស៊េរីថ្មី សមត្ថភាពខ្ពស់ជាប្រភេទ hypercar ផងដែរ ដែលមានកម្លាំងម៉ាស៊ីនកប់រហូតដល់ ១០០០សេះ ឬខ្ពស់ជាងនេះ។ រថយន្ត Mercedes ថ្មីនេះ មានឈ្មោះ Mercedes-AMG Project One ដែលជាសមិទ្ធផលចេញពី ស្តង់ដាររថយន្ត Mercedes-AMG Hight Performance និង Mercedes-AMG Petronas Motorsport Fomula 1 Team។
រថយន្តសមត្ថភាពខ្លាំងប្រភេទ hypercar របស់ក្រុមហ៊ុនអាល្លឺម៉ង់នេះ មានកម្លាំងម៉ាស៊ីន ១០០០សេះ និងមានល្បឿន ២១៧ម៉ាយល៍ក្នុងមួយម៉ោង ឬប្រហែល ៣៥០គីឡូម៉ែត្រ/ម៉ោង ដោយប្រើនូវ turbocharged 1.6liter V6 ម៉ាស៊ីនប្រើសាំង និងមានម៉ូទ័រអគ្គិសនីចំនួន៤។ វាអាចបង្កើតល្បឿនសន្ទុះពី ០ ទៅ ២០០គីឡូម៉ែត្រ/ម៉ោង ដោយប្រើរយៈពេលមិនដល់ ៦វិនាទីទេ។
ចំណែកការប្រើថាមពលអគ្គិសនីវិញ រថយន្តនឹងអាចបើកបានចម្ងាយផ្លូវ ២៥គីឡូម៉ែត្រ។ រថយន្ត Mercedes-AMG Project One ថ្មីនេះ នឹងធ្វើឱ្យអ្នកបើក មានអារម្មណ៍ដូចជាហោះ គឺដូចទៅនឹងការបើក Formula One អីចឹង៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ engadget