ខណៈ iPhone X កំពុងចេញដុតកម្ដៅទីផ្សារ តែទំហំ RAM ជាក់លាក់មិនត្រូវបាន Apple អះអាងនោះទេ តើ iPhone X ប៉ុន្មាន GB?
បើទោះបីលក្ខណៈសម្បត្តិលំអិតផ្សេងៗនៅលើ iPhone X ក៏ដូចជា iPhone 8 និង iPhone 8 Plus ត្រូវក្រុមហ៊ុន Apple ទម្លាយស្ទើរគ្មានសល់ តែចំពោះទំហំ RAM លើកំពូលស្មាតហ្វូនទាំង៣ ពុំត្រូវបានក្រុមហ៊ុនបញ្ជាក់ឱ្យដឹងខណៈពេលប្រកាសលើឆាកក្នុងមហោស្រព Steve Jobs Theater នោះឡើយ។ iPhone ពិតជាពិសេសខុសគ្នា ត្រូវបាន Apple សម្រិតសម្រាំងល្អប្លែកលក្ខណៈជា Premium iPhone ដោយមានគែមអេក្រង់ស្ដើង និងប្រើបច្ចេកវិទ្យាដោះសោដោយប្រើផ្ទៃមុខ Face ID ខុសពី iPhone 8 និង iPhone 8 Plus ដែលប្រើត្រឹមស្កេនក្រយៅដៃដដែល Touch ID។ ប្រាកដណាស់ថា iPhone ទាំង៣ ម៉ូដែល នឹងមានល្បឿនដំណើរការលឿនជាងមុន ដោយសារវាប្រើឈីបជំនាន់ថ្មី A11 Bionic Hexa-Core ដូចគ្នា។
ម៉ាស៊ីនរបស់ iPhone ទាំង ៣ម៉ូដែលប្រើនូវបច្ចេកវិទ្យា Neural engine និងបង្កប់នូវ M11 motion coprocessor ត្រូវបានក្រុមហ៊ុន Apple អះអាងថា មានល្បឿនលឿនជាងឈីប A10 ២៥% ហើយដំណើរការមានប្រសិទ្ធភាពជាងមុន ៧០% ខណៈក្រាហ្វិក ឬ GPU ក៏លឿនជាងមុន ៣០% ផងដែរ។ សង្កេតឃើញសារព័ត៌មានធំៗ និងល្បីៗ ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ហាក់មិនទាន់ហ៊ានអះអាងអ្វីទាក់ទិននឹងទំហំ RAM ជាក់លាក់លើកំពូលស្មាតហ្វូនទាំង៣ នេះនៅឡើយ ព្រោះក្រុមហ៊ុន Apple ក៏មិនបានបញ្ជាក់ឱ្យដឹងក្នុងពេលប្រកាសដូចគ្នា។
ផ្អែកតាមសេចក្ដីរាយការណ៍ពីគេហទំព័រ BGR ស្ដីអំពីការធ្វើតេស្តតាមក្បួន benchmark របស់ក្រុមការងារ Geekbench ទៅលើ iPhone X បានឱ្យឃើញទំហំ RAM ជាក់លាក់ នៅក្នុងតារាងលក្ខណៈសម្បត្តិគឺមានទំហំ 2989MB ឬ 3GB។ ក្រៅពី RAM ក៏មានបង្ហាញចេញនូវលេខកូដម៉ូដែល iPhone X ថា ជា iPhone 10,5 ដំណើរការដោយ iOS 11.0 ហើយពិតជាមាន CPU 6-core មែន ជាប្រភេទ ARM@24MHz 1 processor, 6 core និង L2 Cache មានទំហំ 8192KB ឬ 8MB។
បើផ្អែកតាមការចុះផ្សាយនៅលើគេហទំព័រ gsmarena វិញ ក៏បានរាយលក្ខណៈសម្បត្តិក្នុងតារាងលក្ខណៈសម្បត្តិលំអិតទៅលើ iPhone ថ្មីទាំង ៣ម៉ូដែលផងដែរ។ Gsmarena បានចុះថា iPhone X និង iPhone 8 Plus មានទំហំ RAM 3GB ខណៈ iPhone 8 មាន RAM តែ 2GB ទេ។
ខាងក្រោមនេះជាគម្រងរូប iPhone X ដែលផ្ដិតយកជិត និងច្បាស់ ងាយស្រួលប្រិយមិត្តពិនិត្យរូបរាងថ្មីរបស់វា៖
យ៉ាងណា គេនៅតែមានទំនុកចិត្តទៅលើល្បឿន បើទោះបី ឮដំណឹងថា កំពូលស្មាតហ្វូនថ្មីនេះមាន RAM លោតមិនផុតពី 3GB ដូចជា ស្មាតហ្វូន Android មួយចំនួនដែលមាន RAM ខ្ពស់កប់រហូតដល់ 6GB ឬដល់ 8GB ក៏ដោយ។ ជាក់ស្ដែងយើងដឹងស្រាប់ហើយថា សូម្បីជំនាន់មុន iPhone 7/ 7 Plus មានដំណើរការរលូនលឿនទៅហើយ ចុះទម្រាំ iPhone ជំនាន់ថ្មី iPhone X, iPhone 8 និង iPhone 8 Plus នោះនឹងរឹតតែមិនបាច់និយាយ ខណៈដែល Apple ក៏បានអះអាងថា ឈីបថ្មី A11 Bionic Hexa-Core លឿនជាងមុនដល់ ២៥% ទៅហើយនោះ៕
ចុះប្រិយមិត្តមានយោបល់យ៉ាងណាដែរ?
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ pocket-lint, bgr, gsmarena