Audi ចេញរថយន្តស៊េរីថ្មី Audi R8 V10 ជាជំនាន់ limited edition ផលិតលក់តែ ៩៩៩គ្រឿងប៉ុណ្ណោះ តម្លៃចាប់ពី ១៦,៦ម៉ឺនដុល្លារ
ថ្មីៗនេះ ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្តស៊េរីថ្មីក្នុងត្រកូល R8 របស់ខ្លួន ដោយការតាំងបង្ហាញក្នុងពិព័រណ៍រថយន្ត Frankfurt Motor Show នៃទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុនអាល្លឺម៉ង់នេះ មានឈ្មោះ Audi R8 V10 RWS ដែលត្រូវបានផលិតជាពិសេស limited edition ដោយប្រើកាឡេក្រោយ (rear wheel drive) ហើយនឹងផលិតលក់ត្រឹមតែ ៩៩៩គ្រឿងប៉ុណ្ណោះ។
ម៉ាស៊ីន V10 ដែលបំពាក់នៅលើ Audi R8 V10 RWS មានកម្លាំង ៥៤០សេះ (540hp) ហើយមានកម្លាំងរមូល ៦៤០ញូវតុនម៉ែត្រ (640Nm) ផ្ដល់សមត្ថភាពខ្លាំងដល់រថយន្ត ជាមួយសន្ទុះល្បឿន ០ ទៅ ៦២ម៉ាយល៍/ម៉ោង ឬប្រហែល ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេលតែ ៣,៧វិនាទី ឬ ៣,៨វិនាទីសម្រាប់ម៉ូដែល Spyder ហើយមានល្បឿន ៣២០គីឡូម៉ែត្រ/ម៉ោង។ អ្នកអាចស្វែងយល់លក្ខណៈសម្បត្តិរថយន្តស៊េរីថ្មី Audi R8 V10 RWS នេះកាន់តែស៊ីជម្រៅនៅលើវែបសាយផ្លូវការរបស់ Audi តាមតំណភ្ជាប់ខាងក្រោមបាន។ តម្លៃរថយន្តទំនើបផលិតតែ ៩៩៩គ្រឿងនេះ គឺចាប់ពី €140,000 (ប្រហែល ១៦,៦ម៉ឺនដុល្លារ) សម្រាប់ម៉ូដែល Coupe ហើយតម្លៃ €153,000 (ប្រហែល ១៨,២ម៉ឺនដុល្លារ) សម្រាប់ម៉ូដែល Spyder៕
