មុខងារសំខាន់បំផុតទាំង៨ មាននៅលើ iPhone X ដែលអ្នកកំពុងចង់ដឹង !
នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រុមហ៊ុន Apple មានកម្មវិធីសម្ពោធផលិតផលថ្មីប្រចាំឆ្នាំ ដោយបានប្រកាសចេញទូរស័ព្ទ iPhone ស៊េរីថ្មីម្ដងដល់ទៅ ៣ម៉ូដែលដំណាលគ្នា ក្នុងនោះមានទាំង iPhone X ដែលត្រូវសម្រិតសម្រាំងទំនើបជាងគេផងដែរ។ យ៉ាងណា iPhone ដែលអ្នកចង់បាននេះ មិនទាន់មានលក់លើទីផ្សារនៅឡើយទេ គឺត្រូវរង់ចាំរហូតដល់ខែវិច្ឆិកាប្រហែល ១ជាង ឬ២ខែខាងមុខ។
https://youtu.be/ohYF64V_dKE
https://youtu.be/m7xmCCTVS7Q
ខាងក្រោមនេះគឺជាលក្ខណៈ និងមុខងារសំខាន់បំផុតទាំង៨ មាននៅលើ iPhone X ដែលអ្នកកំពុងចង់ដឹង៖
#1 X គឺតំណាងលេខ១០ មិនមែនអិច (X)
អ្នកខ្លះប្រហែលភ័ន្តច្រឡំទៅនឹងការហៅឈ្មោះ iPhone 10 ដែលក្រុមហ៊ុន Apple បានប្រើលេខរ៉ូម៉ាំង X ជាតំណាង។ ដូច្នេះអ្នកប្រហែលត្រូវប្ដូរទម្លាប់ហៅ iPhone ១០ វិញហើយ។
#2 អេក្រង់ថ្មី
iPhone X ត្រូវបានប្រើអេក្រង់ប្រភេទថ្មីគឺ OLED ហើយត្រូវបានឌីហ្សាញថ្មីប្លែក ដោយលាតសន្ធឹងស្ទើរពេញផ្ទៃមុខ ឬអាចហៅថា គែមស្ដើង edge-to-edge។ ពិសេសទៀតនោះ ដោយសារការលាតសាច់អេក្រង់ស្ទើរពេញផ្ទៃខាងមុខ ដូច្នេះហើយដើម្បីកុំឱ្យទើស និងដើម្បីឱ្យស័ក្ដិសមជាកំពូលស្មាតហ្វូនទំនើបបែប premium phone នោះ Apple ថែមទាំងបានដកប៊ូតុង Home ចេញ និងជំនួសមកវិញនូវមុខងារស្កេនផ្ទៃមុខ Face ID សម្រាប់ជាការដោះសោជំនួសវិញ ហើយក៏មានសុវត្ថិភាពជាងផងដែរ។
#3 បង្កើនសមត្ថភាពកាមេរ៉ាមុខ-Selfie Camera Upgrade
កាមេរ៉ាខាងមុខសម្រាប់ថត selfie ជំនាន់មុន មិនមានអ្វីគួរចាប់អារម្មណ៍នោះទេ ប៉ុន្តែសម្រាប់ប្រព័ន្ធកាមេរ៉ាថ្មីមាននៅលើ iPhone X វិញ គឺពិតជាទំនើប ដោយក្រុមហ៊ុនបានបញ្ចូលមុខងារ portrait mode ដូចនៅលើកាមេរ៉ាក្រោយរបស់ iPhone 7 ដែរ ដែលវាអាចឱ្យអ្នកថតរូប មានផ្ទៃ background ព្រាល រឹតតែធ្វើឱ្យរូប selfie ថតចេញមក ទាំងស្អាត ហើយលក្ខណៈអាជីព។
#4 Face ID បច្ចេកវិទ្យាស្កេនផ្ទៃមុខ សម្រាប់ដោះសោទូរស័ព្ទ និងប្រើជាមួយ Apple Pay
បទពិសោធន៍ស្កេនក្រយៅដៃមានតាំងពីឆ្នាំ២០១៤ ដែល Apple បានបំពាក់នៅលើ iPhone 5S។ ចំណែកការដកប៊ូតុង Home ពី iPhone X នេះគឺស្មើនឹងដកមុខងារ Touch ID ចេញ តែជំនួសមកវិញនូវ Face ID ដែលជាបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ដើម្បីដោះសោទូរស័ព្ទយ៉ាងងាយស្រួល។ Face ID មានសុវត្ថិភាពខ្ពស់ជាង Touch ID រហូតដល់ទៅ ១០ដង ដូច្នេះឯកសារសំខាន់ៗរបស់អ្នក នឹងមានសុវត្ថិភាពខ្ពស់ជាងមុនថែមទៀត។
#5 មុខងារនិយាយចេញរូប Emojis និយាយ និងធ្វើត្រាប់តាមភ្លាមៗ – Talking Emojis
ប្រព័ន្ធសូហ្វ៊ែរ facial recognition ថ្មីរបស់ Apple ថែមទាំងអាចបង្កើតចលនា ទៅលើរូប emojis ដ៏ពេញនិយមខ្លះបានផងដែរ ដូច្នេះអ្នកអាចរៀបចំខ្លួន និងការសំដែងបែបកំប្លែងសើច នៅពីមុខអេក្រង់ iPhone X ដើម្បីបង្កើត emoji មានជីវិតបាន។ បច្ចេកវិទ្យានេះ អាចឱ្យគេ បង្កើត និងរក្សាទុក ជាវីដេអូខ្លីៗ និងងាយស្រួលចែកចាយមិត្តភ័ក្ដិ និងក្រុមគ្រួសារថែមទៀត។
#6 ឌីហ្សាញសំបកក្រោយ និងខាងមុខ ក្រាលដោយសារធាតុកញ្ចក់ glass
iPhone ថ្មីនេះ ត្រូវបានក្រាលដោយកញ្ចក់ ទាំងនៅខាងមុខ និងផ្នែកខាងក្រោយ ដែលទំនងជាឆាប់រងសម្ពាធ អាចងាយនឹងប្រេះបែក មិនដូច iPhone ជំនាន់មុន។ តែយ៉ាងណា រចនាបថថ្មីក៏ព្រោះតែ ដើម្បីអាចប្រតិបត្តិមុខងារសាកថ្មឥតខ្សែ Wireless Charging ដែរ ម្យ៉ាងក៏មានលក្ខណៈទំនើប ចាំងថ្មី មិនងាយស្រអាប់ ឬចាស់សំបកឡើយ។ iPhone X ក៏មិនខុសនឹង iPhone 7 ដែរ ដោយវាមានមុខងារមិនជ្រាបទឹក ដូច្នេះការប្រើក្នុងបន្ទប់ទឹក ឬអាងហែលទឹកដើម្បីថតរូបលេង លែងជាបញ្ហាចោទទៀតហើយ។
#7 មុខងារសាកថ្មឥតខ្សែ - Wireless Charging
iPhone ថ្មីទាំង៣ ចេញឆ្នាំ២០១៧ នេះ គឺជាទូរស័ព្ទដំបូងគេរបស់ Apple ដែលមានបច្ចេកវិទ្យាសាកថ្មឥតខ្សែ ហើយអ្នកអាចប្រើវាជាមួយទ្រនាប់សាកថ្ម Qi បាន។
8# ប្រព័ន្ធប្រតិបត្តិការ iOS 11
ជំនាន់ថ្មីនៃ iOS នេះ នឹងត្រូវដាក់ឱ្យដំឡើងប្រើផ្លូវការនៅសប្ដាហ៍ក្រោយ ហើយវាពិតជាទទួលបានការ upgrade ថ្មី ពីលើសូហ្វ៊ែរឆ្នាំមុន។ ផ្ទៃកម្មវិធីគឺមានសភាពស្អាត ច្បាស់ ស្រួលមើលជាងមុន ហើយពិសេសគឺមាន control center ថ្មី ដែលអ្នកអាច រៀបចំកំណត់តាមដែលអ្នកចង់បាន ងាយស្រួលចេញចូលមុខងារ ឬកម្មវិធីបានលឿន៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ betches, cnbc