Galaxy Note 8 លេចសញ្ញាណជោគជ័យ ដោយចំនួន Pre-Order កើនដល់ ៨០ម៉ឺនគ្រឿងគិតតែនៅកូរ៉េ
អាចជាសញ្ញាវិជ្ជមានមួយសម្រាប់ការចែកចាយលក់ស្មាតហ្វូនកាត់ថេប្លេតស៊េរីថ្មី Galaxy Note 8 របស់ Samsung ដោយរបាយការណ៍ថ្មីនេះ ឱ្យដឹងថា ចំនួនកក់ទុក Note 8 ពីអតិថិជនបានកើនឡើងដល់ ៨០ម៉ឺនគ្រឿង គិតតែនៅទីផ្សារកូរ៉េខាងត្បូងប៉ុណ្ណោះ។
យើងទើបបានឮដំណឹងប៉ុន្មានថ្ងៃមុនថា Samsung ទទួលបានការបញ្ជាទិញចំនួនយ៉ាងគំហុកលើផេប្លេតថ្មីរបស់ខ្លួននៅអាមេរិក ហើយពេលនេះ សញ្ញាបូក បន្តកើតមាននៅទឹកដីកំណើតរបស់ក្រុមហ៊ុនកូរ៉េនេះថែមទៀត។ របាយការណ៍ថ្មីនេះ បង្ហាញថា Note 8 ពិតជាទទួលបានការគាំទ្រខ្លាំង ដោយមានចំនួនកុម្ម៉ង់ទុកពីអតិថិជនប្រមាណដល់ ៨០ម៉ឺនគ្រឿង។
ក្រុមហ៊ុន Samsung បានចាប់ផ្ដើមដាក់ឱ្យកុម្ម៉ង់កក់ទុក Galaxy Note 8 តាំងពីថ្ងៃទី៧ កញ្ញាកន្លងមក ហើយមកដល់ពេលនេះ ក្រុមហ៊ុនទទួលបានការចុះឈ្មោះចាំទិញពីអតិថិជនក្នុងចំនួនដ៏ច្រើន ដល់ ៨០ម៉ឺនគ្រឿងគិតតែនៅកូរ៉េខាងត្បូង។ នេះជាចំនួនកើនឡើងទ្វេដង បើប្រៀបធៀបនឹង Note ជំនាន់មុន ដែលទទួលបានការកក់ទុកត្រឹម 380,000 គ្រឿង នៅរយៈពេល ១៣ថ្ងៃ។
Samsung ជួបបញ្ហាដោយសារ Galaxy Note 7 កាលពីឆ្នាំមុន ដោយទូរស័ព្ទមានបញ្ហាថ្មធ្ងន់ធ្ងររហូតត្រូវបង្ខំចិត្តប្រមូលចូលក្រុមហ៊ុនវិញ។ ចំណែក Note 8 នេះ ហាក់មិនមានបញ្ហាអ្វីកើតមាននោះឡើយ ឬដោយសារវាស្ថិតក្នុងខណៈពេលបញ្ជាទិញ ដោយមិនទាន់ដល់ដៃអតិថិជនប្រើប្រាស់នៅឡើយ ទើបបញ្ហាមិនទាន់រកឃើញក៏ថាបាន។ យ៉ាងណា គេជឿជាក់ថា បញ្ហានឹងមិនកើតឡើងនៅលើថ្មដូច Note 7 ទៀតនោះទេ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Sammobile