Oppo ចេញស្មាតហ្វូនទំនើប បច្ចេកវិទ្យាស្កេន​មុខ​ដោះសោ Facial Recognition ម៉ូដែល Oppo A83 តម្លៃតែ​​ជាង $២០០​



មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​បាន​ប្រកាស​ចេញ ស្មាតហ្វូន​ថ្មី​ស៊េរី A75 និង A75s ​ពេល​នេះ​ក្រុមហ៊ុន Oppo បាន​បង្ហាញ​ស្មាតហ្វូន​ថ្មី​មួយ​ម៉ូដែល​ទៀត​គឺ A83 ដែល​បំពាក់​ឈីប SoC ជាមួយ​នឹង CPU ​ល្បឿន 2.5Ghz octa-core ​និង​មាន​អេក្រង់​ទំហំ ៥,៧អ៊ីញ​កម្រិត 720x1440px និង​កម្រិត 18:9 aspect ratio។

ស្មាតហ្វូន​ថ្មី Oppo A83 ​នេះ មាន​ទំហំ RAM 4GB ​ចំណែក​អង្គ​ចងចាំ​ទំហំ 32GB បំពាក់​កាមេរ៉ា​ក្រោយ​ទំហំ 13MP ​និង​ខាង​មុខ​ទំហំ 8MP។ វា​មាន​វិមាត្រ (១៥០,៥x៧៣,១x៧,៧)មិល្លីម៉ែត្រ ​ទម្ងន់ ១៤៣ក្រាម ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ Android 7.1 ​និង​កម្លាំង​ថ្ម 3090mAh។

Oppo A83 ​ក៏​មាន​បច្ចេកវិទ្យា​សម្គាល់​ផ្ទៃ​មុខ Facial Recognition ​ដែល​ក្រុមហ៊ុន​អះអាង​ថា អាច​ដោះសោ​ទូរស័ព្ទ​បាន​នៅ​រយៈពេល ០,១៨វិនាទី។ ជម្រើស​ពណ៌​របស់​វា​មាន​ពីរ គឺ​ពណ៌​មាស​បែប​ស្រា​សុំាប៉ាញ និង​ពណ៌​ខ្មៅ។ ស្មាតហ្វូន​ថ្មី​នេះ​មាន​តម្លៃ ១៣៩៩យ័ន ឬ​ប្រហែល ២១៥ដុល្លារ។ វា​នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ចាប់ពី​ថ្ងៃ​ទី២៩ ធ្នូ​ខាង​មុខ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖  gsmarena
X
5s