​រុស្ស៊ីចង់​សាងសង់សណ្ឋាគារ​នៅ​លើ​​​អវកាស​ សម្រាប់​ទេសចរ​កម្សាន្ត​ម្ដង​បាន ១សប្ដាហ៍ !​



ក្រុមហ៊ុន​អវកាស​ឯកជន​ខ្លះ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក កំពុង​ធ្វើការ​លើ​គម្រោង​ដែល​នឹង​ទៅ​រក​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​អវកាស។ អ្នក​ទេសចរ​ត្រូវការ​សណ្ឋាគារ ដូច្នេះ​សហព័ន្ធ​អវកាស​រុស្ស៊ី Roscosmos ​បាន​ស្នើ​ឱ្យ​មាន​ការ​សាងសង់​សណ្ឋាគារ​មួយ​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ។

វា​នឹង​មិន​មាន​តម្លៃ​ថោក​នោះ​ទេ។ យោង​តាម​សំណើ​ដាក់​ចេញ​នេះ ភ្ញៀវ​ទេសចរ​អវកាស​នឹង​ត្រូវ​ចំណាយ​យ៉ាង​ហោច ៤០លាន​ដុល្លារ​សម្រាប់​បទពិសោធន៍​ដំណើរ​ទស្សនកិច្ច​នៅ​សណ្ឋាគារ​អវកាស​រយៈពេល ១សប្ដាហ៍។ អ្នក​អាច​ចំណាយ​ប្រាក់ ២០លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​ដើរ​លើ​ឋាន​អវកាស​ជាមួយ​អវកាសយានិក​ផង​ដែរ។ ប្រាកដ​ណាស់ សេវាកម្ម​បែប​នេះ មាន​តែ​អ្នក​មាន​ទ្រព្យសម្បត្តិ​ចាយ​មិន​អស់ ឬ​មហាសេដ្ឋី​ប៉ុណ្ណោះ​ទើប​ហ៊ាន​ចំណាយ។ ផែនការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ម៉ៅការ​អវកាស RKK Energia របស់​រុស្ស៊ី ដែល​ជា​មធ្យោបាយ​សម្រាប់​ការ​ចំណាយ​សាងសង់​ម៉ូឌុល​ទីពីរ ដែល​នឹង​ត្រូវ​ចំណាយ​រហូត​ដល់ ៤៤៦លាន​ដុល្លារ។ អ្នក​ម៉ៅការ​បាន​ចាប់ផ្ដើម​ដំណើរការ​ម៉ូឌុល​ដំបូង​ក្នុង​ចំណោម​ម៉ូដែល​ចំនួន២ ​ដែល​នឹង​សាងសង់​មន្ទីរ​ពិសោធន៍​វិទ្យាសាស្ត្រ និង​ស្ថានីយ​ផ្គត់ផ្គង់​ថាមពល។ វា​មើល​ទៅ​ដូច​ជា រដ្ឋាភិបាល​រុស្ស៊ី​នឹង​បង់​ថ្លៃ​ម៉ូដែល​ទី១ ដូច្នេះ​អ្នក​ម៉ៅការ​ត្រូវ​តែ​គិត​ពី​របៀប​ដែល​នឹង​ត្រូវ​ចំណាយ​សម្រាប់​ការ​សាងសង់​ម៉ូឌុល​ទី២ ជា​បន្ត។ សណ្ឋាគារ​នេះ​នឹង​មាន​កន្លែង​គេង​ចំនួន៤ ទីតាំង មាន​ប្រវែង​ពីរ​ម៉ែត្រ​គូប ហើយ​មាន​បង្អួច​ទំហំ ៩អ៊ីញ និង​កន្លែង​កម្សាន្ត​ដែល​មាន​បង្អួច ១៦អ៊ីញ​ចំនួន​មួយ។ ម៉ូឌុល​នេះ​ក៏​មាន​ស្ថានីយ​សុខភាព និង​អនាម័យ​ផង​ដែរ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ Ubergizmo
X
5s