Galaxy S9 ​លេច​សញ្ញាណ​ថ្មី ចេញ​​ផ្ទៃ​មុខ​ (front panel) មាន​គែម​អេក្រង់​ស្ដើង​ដូច​​ S8 ដែរ នឹង​ចេញ​នៅ MWC 2018 ខែ​កុម្ភៈ​



ស្មាតហ្វូន Galaxy S9 និង S9 Plus ​ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​ប្រកាស​ផ្លូវការ​នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក MWC ឆ្នាំ២០១៨ នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។ យើង​បាន​ឮ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​អំពី​ទូរស័ព្ទ​ថ្មី​នេះ​កន្លង​មក ហើយ​ឥឡូវ​នេះ ផ្ទៃ​មុខ (front panel) ​របស់​វា ទើបតែ​បាន​បែកធ្លាយ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។ ដូច​បាន​ឃើញ​រូប​ថត​ខាង​លើ​អីចឹង ផ្ទៃ​មុខ​របស់​វា ពិត​ជា​ស្រដៀង​ទៅ​នឹង Galaxy S8។ បើ​ដូច្នេះ​មែន វា​ហាក់​ច្រាស់​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​កន្លង​ទៅ​ដែល​ធ្លាប់​លើកឡើង​ថា S9 នឹង​មាន​គែម​អេក្រង់​កាន់តែ​ស្ដើង ស្លីម​ជាង​មុន។

Galaxy S9 និង S9 Plus នឹង​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​ដំណើរការ​ខុស​គ្នា​អាស្រ័យ​លើ​ទីផ្សារ​ប្រទេស​ផ្សេង​គ្នា​ដែរ។ ប្រទេស​ខ្លះ នឹង​ទទួល​បាន​ម៉ូដែល​ឈីប Qualcomm Snapdragon 845 ​ហើយ​ទីផ្សារ​ខ្លះ​នឹង​ទទួល​បាន Samsung Exynos 8910។ Galaxy S9 នឹង​មាន​ RAM 6GB ​ហើយ​អង្គ​ចងចាំ​ចាប់ពី​ទំហំ 64GB ដល់ 512GB ហើយ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា នឹង​អាច​ចេញ​ដល់​ម៉ូដែល RAM 8GB ​ដូច​ស្មាតហ្វូន OnePlus ដែរ។ ​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​នៅ​លើ​ស្មាតហ្វូន​ថ្មី Galaxy S9 ​បំពាក់​កាមេរ៉ា​ទំហំ 12MP ចំនួន១គ្រាប់ ​ហើយ Galaxy S9 Plus ​នឹង​មាន​កាមេរ៉ា​ទំហំ 12MP ចំនួន២​គ្រាប់ (dual 12MP)។ ក្រុមហ៊ុន Samsung ក៏​កំពុង​ធ្វើការ​លើ​បច្ចេកវិទ្យា​ស្កេន​​ប្រស្រី​ភ្នែក​ថ្មី ហើយ​ក៏​នឹង​ធ្វើ​បច្ចុប្បន្នភាព​លើ​មុខងារ​ស្កេន​ផ្ទៃ​មុខ facial recognition។ GS9 ទាំង​ពីរ​នឹង​បំពាក់​ទ្រនាប់​ស្កេន​ក្រយៅដៃ fingerprint sensor ​និង​ដំណើរការ​ដោយ​ប្រព័ន្ធ Android Oreo។ យើង​នឹង​បាន​ដឹង​ព័ត៌មាន​កាន់តែ​លំអិត​អំពី Galaxy S9 ​នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2018 ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ Technocodex
X
5s