អុញនោះ Note 8 សង្ស័យឆ្លងតាម Note 7 ហើយ ទើបមានបញ្ហាថ្ម សាកមិនចូល បើកមិនចេញ ពេលប្រើដល់អស់ថ្មរលីង
រយៈពេលទើបតែ ៣ខែបន្ទាប់ពីក្រុមហ៊ុន Samsung បញ្ចេញលក់ Galaxy Note 8 ឥឡូវនេះ ស្រាប់តែមានសេចក្ដីរាយការណ៍ពីម្ចាស់ផេប្លេតទំនើបនេះខ្លះ ទាក់ទិននឹងបញ្ហាថ្ម។ នៅក្នុងទំព័រពិភាក្សាផ្លូវការ (forum) របស់ Samsung និងប្រភពព័ត៌មានផ្សេងៗ សុទ្ធតែមានការលើកឡើងនូវបញ្ហាថ្ម Note 8 កើតមាននៅពេលអ្នក ប្រើវារហូតអស់ថ្មរលីងនៅ ០% (សូន្យ)។
https://youtu.be/5Q7mKQmNWSE
របាយការណ៍បានអះអាងថា Note 8 នឹងរលត់បើក (turn on) មិនចេញ ទោះបីដោតសាកថ្មក៏ដោយ ហើយក៏មានសញ្ញាណបញ្ជាក់នូវកម្រិតថ្មនោះទេ។ គេសង្កេតឃើញរូបសញ្ញាសាកថ្ម (charging icon) បង្ហាញនៅលើអេក្រង់ នៅពេលដាក់ Note 8 សាកថ្មនៅលើទ្រនាប់សាក Wireless Charger ឬដោតនឹងហ្វ្រីភ្លើង ប៉ុន្តែវាមិនសាក ហើយនៅតែបើកមិនចេញ។
ម្ចាស់ Galaxy Note 8 ម្នាក់បានបង្ហោះវីដេអូ លើកឡើងអំពីបញ្ហាថ្មលើទូរស័ព្ទរបស់ខ្លួននៅក្នុង YouTube ដែលជាម៉ូដែល Sprint ត្រូវបុរសម្នាក់ព្យាយាមដាក់សាកថ្ម តែសាកមិនចូល ហើយព្យាយាមចុចបើក នៅពេលទូរស័ព្ទអស់ថ្មរលីង។ មានមតិខ្លះលើកឡើងថា Note 8 ក្លាយជាដុំថ្ម ប្រសើរជាងផ្ទុះឆេះ ដូច Galaxy Note 7 ។ យ៉ាងណា បញ្ហានេះកើតមានតែនៅលើម្ចាស់ Galaxy Note 8 មួយចំនួនប៉ុណ្ណោះ។ តាមការបញ្ជាក់នៅក្នុងគេហទំព័រ techspot ឱ្យដឹងថា មិនត្រឹមតែ Note 8 ទេដែលមានបញ្ហាបែបនេះ ចំណែក Galaxy S8 Plus ក៏មានសេចក្ដីរាយការណ៍ថា កើតបញ្ហាដូចគ្នានេះដែរ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហ៊ុន Samsung បានលើកឡើងថា ខ្លួននៅមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយអំពីបញ្ហានេះនៅឡើយ។ “យើងមិនទាន់ទទួលបានរបាយការណ៍ផ្លូវការអំពីបញ្ហានេះនោះទេ ហើយយើងមិនអាចធ្វើអត្ថាធិប្បាយបានទេ រហូតទាល់តែយើងទទួលបានព័ត៌មានច្បាស់លាស់បន្ថែមសិន។ អតិថិជនណាដែលមានបញ្ហាស្រដៀងគ្នានេះ ត្រូវបានលើកទឹកចិត្តឱ្យទាក់ទងមកក្រុមហ៊ុន Samsung នៅផ្នែក Customer Care នៅតាមទីផ្សារក្នុងស្រុកដែលអ្នកជិតលោកអ្នក”៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techspot