Apple ​ចេញ​សេចក្ដី​ថ្លែងការណ៍​​សុំអភ័យទោស ដែល​ខ្លួន​បាន​​ទម្លាក់​ speed លើ iPhone ចាស់ៗ​ព្រោះគ្រាន់តែ​​ចង់ដោះស្រាយ​បញ្ហា​ថ្ម​



​រយៈពេល​ពីរ​បី​សប្ដាហ៍​ក្រោយ​ចុងក្រោយ​នេះ មាន​ការ​ពិភាក្សា​ជាច្រើន ទាក់ទិន​រឿងរ៉ាវ​ដែល​ក្រុមហ៊ុន Apple បាន​ទម្លាក់​ល្បឿន​ដំណើរការ​លើ iPhone ស៊េរី​ចាស់ៗ។ ក្រុមហ៊ុន​នេះ​បាន​បន្ទាប​ល្បឿន​ដំណើរការ​លើ​ទូរស័ព្ទ​ជំនាន់​មុនៗ ដែល​មាន​កម្លាំង​ថ្ម​អន់ថយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ថ្ម​កន្លង​មក​ដែល​អាច​ធ្វើ​ឱ្យ​ទូរស័ព្ទ​រលត់​ដោយ​ចៃដន្យ។ ឥឡូវ​នេះ Apple ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​សុំ​អភ័យ​ទោស​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន ហើយ​ក្រុមហ៊ុន​កំពុង​ប្រឈម​នឹង​បណ្ដឹង​មួយ​ចំនួន​ដោយសារ​ការ​បន្ថយ​ល្បឿន​ដំណើរការ​របស់ iPhone ចាស់ៗ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ប្រើ។ ខាង​ក្រោម​នេះ​ជា​សេចក្ដី​ថ្លែងការណ៍​ពី Apple៖ “យើង​សូមទោស។ មាន​ការ​យល់​ច្រឡំ​ច្រើន​អំពី​បញ្ហា​នេះ ដូច្នេះ​យើង​ចង់​បញ្ជាក់ និង​អនុញ្ញាត​ឱ្យ​អ្នក​ដឹង​អំពី​ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​ដែល​យើង​កំពុង​ធ្វើ”។ ក្រុមហ៊ុន​បន្ថែម​ថា៖ “ជា​ដំបូង និង​សំខាន់​បំផុត យើង​មិន​ធ្លាប់ និង​មិន​ដែល​ធ្វើ​អ្វី​មួយ​ជា​ចេតនា​ដើម្បី​ធ្វើ​ឱ្យ​ អាយុកាល​កាន់​តែ​ខ្លី នៃ​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​របស់​យើង ឬ​ប៉ះពាល់​ដល់​បទពិសោធន៍​នៃ​ការ​ប្រើ​ទូរស័ព្ទ iPhone តាម​រយៈ​កំណែប្រែ​កញ្ចប់​សូហ្វ៊ែរ​ជំនាន់​ថ្មី​នោះ​ទេ។ គោលដៅ​របស់​យើង​គឺ​បង្កើត​ផលិតផល​ដែល​អតិថិជន​ស្រលាញ់​ពេញចិត្ត និង​ធ្វើ​ឱ្យ​អាយុកាល​ថ្ម​លើ​ឧបករណ៍ ជា​ផ្នែក​សំខាន់​ដើម្បី​ប្រើប្រាស់​បាន​យូរ​“។ ក្រៅពី​ការ​សុំ​អភ័យ​ទោស ក្រុមហ៊ុន Apple ពេល​នេះ​ចាប់ផ្ដើម​ផ្ដល់​ជូន​អតិថិជន​ដែល​ជួប​បញ្ហា​នេះ អាច​ផ្លាស់ប្ដូរ​ថ្ម​ថ្មី ជាមួយ​ការ​បញ្ចុះ​តម្លៃ។ តម្លៃ​ថ្ម​ថ្មី​របស់ iPhone ​គឺ ៧៩ដុល្លារ ប៉ុន្តែ Apple នឹង​លក់​ជូន​អតិថិជន​តម្លៃ​ត្រឹមតែ ២៩ដុល្លារ ប៉ុណ្ណោះ៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ Apple
X
5s