iPhone ជាប់ជាផលិតផលបច្ចេកវិទ្យាលក់ដាច់បំផុតប្រចាំឆ្នាំ២០១៧ ចំណែក S8 និង Note 8 បានលេខ២
ក្រុមហ៊ុនស្រាវជ្រាវមួយដែលមានឈ្មោះថា GBH Insights បានឱ្យដឹងកាលពីថ្មីៗនេះថា iPhone គឺជាផលិតផលបច្ចេកវិទ្យាលក់ដាច់បំផុតនៅឆ្នាំ២០១៧។ ទូរស័ព្ទ iPhone ប្រមាណ ២៣៣លានគ្រឿងត្រូវបានរំពឹងថា បានចរាចរនៅលើទីផ្សារក្នុងឆ្នាំនេះ។ ចំណែកលេខ២ គឺជាស្មាតហ្វូន Samsung Galaxy S8 និង Galaxy Note 8 ដែលលក់ដាច់ប្រមាណ ៣៣លានគ្រឿងក្នុងឆ្នាំ២០១៧។ រីឯឧបករណ៍បំពងសម្លេងឆ្លាតវៃ (Smart Speaker) របស់ក្រុមហ៊ុន Amazon ដែលជា Echo Dot មានចំណាត់ថ្នាក់លេខ៣ ដែលលក់ត្រូវបានចែកចាយលក់ ២៤លានគ្រឿង។
ឆ្នាំនេះ ក្រុមហ៊ុន Apple ធ្វើបានយ៉ាងល្អ ព្រោះក្រៅពីទទួលបានងារជាក្រុមហ៊ុនលក់ផលិតផលបច្ចេកវិទ្យាដាច់បំផុតប្រចាំឆ្នាំតាមរយៈទូរស័ព្ទ iPhone ហើយនោះ ក្រុមហ៊ុនអាមេរិកនេះ ក៏នៅមាននាឡិកា Apple Watch ផងដែរ ដែលជាប់ក្នុងបញ្ជីផលិតផលលក់ដាច់ប្រចាំឆ្នាំ២០១៧ ផងដែរ។ តាមរបាយការណ៍ពីគេហទំព័រ USAToday ឱ្យដឹងថា ឆ្នាំ២០១៧ នេះ Apple លក់ Apple Watch ដាច់ប្រមាណ ២០លានគ្រឿង គឺបានលេខ៤។ ចំណែកឧបករណ៍ហ្គេម Nintendo Switch បានលេខ៥ លក់ដាច់ប្រមាណ ១៥លានគ្រឿង។
សូមបញ្ជាក់ថា មិនមែនតែឆ្នាំនេះដែល Apple iPhone ជាប់ឈ្មោះជាផលិតផលលក់ដាច់ជាងគេនៅលើទីផ្សារប្រចាំឆ្នាំនោះទេ ប៉ុន្តែកាលពីឆ្នាំ២០១៦ ក៏ដូចគ្នាដែរ ដោយលក់ដាច់ប្រមាណ ២១១លានគ្រឿង៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ USAToday