មានដំណឹងពី 3310 ថ្មីស៊េរីឆ្នាំ២០១៨ របស់ Nokia នឹងបំពាក់ប្រព័ន្ធ LTE version អាចត្រូវវែកមុខឆាប់ៗ
នៅពេលដែល 3310 បានចាប់ផ្ដើមសករាជរបស់ខ្លួនកាលពីដើមឆ្នាំ២០១៧ កន្លងទៅ ទូរស័ព្ទម៉ាកល្បីតមកតាំងពីអតីតកាលនេះ ត្រូវបានផលិតជាម៉ូដែលបំពាក់ប្រព័ន្ធបណ្ដាញត្រឹម 2G ប៉ុណ្ណោះ។ បន្ទាប់មក នៅក្នុងខែកញ្ញាវាក៏ត្រូវបានផលិតចេញម៉ូដែលមាន 3G រឹតតែទំនើបជាងមុន។ ចំណែកពេលនេះវិញ វាហាក់ដូចជា នឹងមានកំណែប្រែថ្មីមួយទៀតនៃ Nokia 3310 ដែលលើកនេះ នឹងគាំទ្រដល់ប្រព័ន្ធ LTE។
យោងតាមការចុះផ្សាយរបស់ TENAA ដែលបង្ហាញដោយ Phone Radar ឱ្យដឹងថា ទូរស័ព្ទ 3310 ស៊េរីថ្មីឆ្នាំ២០១៨ ពេលនេះបានឆ្លងកាត់ការទទួលស្គាល់ពី គណៈកម្មការសហព័ន្ធទំនាក់ទំនង FCC ហើយត្រូវបានបង្ហាញឱ្យឃើញ ទូរស័ព្ទគាំទ្រប្រព័ន្ធ TD-LTE និង TD-SCDMA ដែលទាំងពីរនេះ គឺជា wireless bands ដ៏ពេញនិយមបំផុតរបស់ប្រទេស។
Nokia 3310 ថ្មីថែមទាំងត្រូវគេរំពឹងទៀតថា នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Yun OS របស់ Alibaba ដែលមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះថា ជំនាន់ 3G ក៏ត្រូវបានកែប្រែ OS ខុសគ្នាពីជំនាន់ 2G ផងដែរ ទោះបីរូបរាងរបស់វា មើលទៅដូចគ្នាបេះបិទក៏ដោយ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ theverge