Apple អាចនឹងផ្លាស់ប្ដូរដៃគូផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone X Plus ឆ្នាំនេះ ពី Samsung ទៅ LG វិញ
Apple ត្រូវគេរំពឹងថា នឹងផលិតទូរស័ព្ទ iPhone X ៣ម៉ូដែលសម្រាប់បញ្ចេញលើទីផ្សារឆ្នាំ២០១៨ នេះ ក្នុងនោះ ២ម៉ូដែលនឹងបំពាក់មកជាមួយអេក្រង់ OLED គឺ iPhone X និង iPhone X Plus ហើយមួយម៉ូដែលផ្សេងទៀតបំពាក់អេក្រង់ LCD ដែលនឹងមានតម្លៃធូរថ្លៃជាងម៉ូដែល OLED។
យោងតាមរបាយការណ៍ថ្មីៗនេះឱ្យដឹងថា LG នឹងជាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ (Display) ទៅឱ្យក្រុមហ៊ុន Apple សម្រាប់បំពាក់លើ iPhone X Plus ឆ្នាំនេះ។ បច្ចុប្បន្នក្រុមហ៊ុន Samsung ជាដៃគូផ្គត់ផ្គង់អេក្រង់តែមួយគត់សម្រាប់ iPhone X ដែលកំពុងចរាចរលក់លើទីផ្សារសព្វថ្ងៃ។
គេរំពឹងថា នឹងមាន iPhone X ទំហំ ៥,៨អ៊ីញជំនាន់ថ្មី និង iPhone X Plus ទំហំ ៦,៥អ៊ីញនឹងបង្ហាញខ្លួនអមជាមួយអេក្រង់ប្រភេទ OLED។ ចំណែកម៉ូដែលទីបី នឹងបំពាក់អេក្រង់ LCD ប៉ុន្តែនឹងមានការរចនាស្រដៀងទៅនឹង iPhone X និង iPhone X Plus ដែរ។ ស្មាតហ្វូនទាំងបីនេះ នឹងបំពាក់ដោយមុខងារស្កេនផ្ទៃមុខ Face ID របស់ Apple ដូចគ្នា ហើយនិងមានការឌីហ្សាញផ្នែកកំពូល notch ដូចគ្នា។ iPhone ថ្មីថែមទាំងត្រូវគេរំពឹងថា អាចនឹងត្រូវបង្កើនកម្លាំងថ្មខ្ពស់ជាងមុន។
យើងរំពឹងទៀតថា នឹងបានឃើញ iPhone SE ជំនាន់ថ្មីផងដែរក្នុងឆ្នាំនេះ ដែលនឹងមានរចនាបថស្រដៀងទៅនឹង iPhone SE បច្ចុប្បន្ន។ យ៉ាងណា វាអាចត្រូវក្រុមហ៊ុន Apple សម្ពោធចេញមុន iPhone X ទាំងបីម៉ូដែល ដែលត្រូវរង់ចាំរហូតដល់ចុងឆ្នាំ អំឡុងខែកញ្ញា ឬតុលាទើបបង្ហាញខ្លួន៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ MacRumors