Nokia ចេញស្មាតហ្វូនថ្មី Nokia 6 ស៊េរីឆ្នាំ២០១៨ ប្ដូរទ្រនាប់ស្កេនក្រយៅដៃទៅក្រោយ បំពាក់ឈីបល្អជាងមុន Snapdragon 630
បន្ទាប់ពីមានពាក្យចចាមអារ៉ាមនិងការលេចធ្លាយជាច្រើនអំពីស្មាតហ្វូន Nokia ថ្មី គឺ Nokia 6 ជំនាន់ទី២ នោះ ឥឡូវនេះ ក្រុមហ៊ុន HMD Global បានប្រកាសចេញ Nokia (2018) ជាផ្លូវការហើយ។ ស្មាតហ្វូន Nokia ថ្មីដែលជាទាយាទក្រោយរបស់ Nokia 6 ឆ្នាំមុននេះ នឹងមានលក់នៅលើទីផ្សារប្រទេសចិនចាប់ពីថ្ងៃទី១០ មករាខាងមុខក្នុងតម្លៃចាប់ពី ១៤៩៩យ័ន ឬប្រហែល ២៣០ដុល្លារអាមេរិក (ម៉ូដែល 32GB) ទៅ ១៦៩៩យ័ន ឬប្រហែល ២៦០ដុល្លារ (ម៉ូដែល 64GB) អាស្រ័យតាមលក្ខណៈសម្បត្តិផ្សេងគ្នា។
មិនដូចជា Nokia 6 ជំនាន់ដំបូងដែលចេញតាំងពីខែមករា ឆ្នាំមុននោះទេ ដោយទ្រនាប់ស្កេនក្រយៅដៃរបស់ Nokia 6 ជំនាន់ទី២ថ្មីនេះ ត្រូវបានផ្លាស់ប្ដូរទីតាំងមកនៅផ្នែកខាងក្រោយវិញ។ តួស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនហ្វាំងឡង់នេះ ផលិតពីលោហធាតុ អមដោយសារធាតុអាលុយមីញ៉ូម ៦០០០ស៊េរី (6000 series) រឹងមាំ។
Nokia 6 (2018) នេះជាស្មាតហ្វូនស៊ីមពីរ (dual-SIM) ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ។ Nokia 6 ថ្មីត្រូវគេរំពឹងថា នឹងទទួលបានកញ្ចប់បច្ចុប្បន្នភាពសូហ្វ៊ែរឡើងទៅ Android 8.0 Oreo នាពេលឆាប់ៗខាងមុខ។ រីឯអេក្រង់ Nokia 6 (2018) វិញ មានទំហំ ៥,៥អ៊ីញប្រភេទ IPS ដែលមានកម្រិត full-HD (1080x1920)px និងកម្រិត 16:9 aspect ratio។ វាបំពាក់ដោយអង្គប្រតិបត្តិ octa-core Qualcomm Snapdragon 630 SoC ល្បឿន 2.2GHz, RAM 4GB ប្រភេទ LPDDR4 និងមានរន្ធសម្រាប់បន្ថែម microSD បានដល់ 128GB។
ក្រុមហ៊ុន HMD Global បានបំពាក់កាមេរ៉ាក្រោយទំហំ 16MP អមដោយភ្លើងជំនួយ dual-tone LED flash និង PDAF lens នៅកម្រិត aperture f/2.0 ហើយកាមេរ៉ាមុខទំហំ 8MP ជាមួយកម្រិត f/2.0 ថតទូលាយនៅមុំ ៨៤ដឺក្រេ wide angle lens នៅលើ Nokia 6 ឆ្នាំ២០១៨។ លើសពីនេះ វាក៏ត្រូវបានបំពាក់បច្ចេកវិទ្យា Dual-Sight ដែលអាចឱ្យអ្នកប្រើប្រាស់កាមេរ៉ាដំណាលគ្នាទាំងខាងមុខ និងខាងក្រោយ ដើម្បីបង្កើត Bothie។ ស្មាតហ្វូននេះមានវិទ្យុ FM, 4G VoLTE, Wi-Fi 802.11 a/b/g/n, Bluetooth v5, GPS/A-GPS, USB Type-C និងរន្ធកាសប្រភេទ 3.5mm audio jack។
ក្រៅពីនេះ Nokia 6 (2018) មានកម្លាំងថ្ម 3000mAh ដែលគាំទ្របច្ចេកវិទ្យាសាកថ្មឆាប់រហ័ស fast charging។ វាមានវិមាត្រ (១៤៨,៨x៧៥,៨x៨,៦) មិល្លីម៉ែត្រ និងទម្ងន់ ១៧២ក្រាម៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gadgets.ndtv