សញ្ញា៣យ៉ាងបញ្ជាក់ថាអ្នកបានឈប់អភិវឌ្ឍចិត្តគំនិតរបស់អ្នកហើយ​



វាជារឿងងាយស្រួលណាស់ ដែលបុគ្គលម្នាក់នៅពេលគេមានអាយុច្រើន ងាយនឹងជាប់អន្ទាក់នៅក្នុងតំបន់មួយដែលធ្វើឲ្យពួកគេមានស្ថិរភាពក្នុងចិត្ត ហើយតែងជ្រើសយកវិធីធ្វើការបែបទម្លាប់ចាស់ដដែលៗដោយគ្មានការផ្លាស់ប្ដូរ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងមានអារម្មណ៍មួរម៉ៅ និងមិនស្រណុកចិត្ត នៅពេលនរណាម្នាក់ប្រាប់ឲ្យគេផ្លាស់ប្ដូរទម្លាប់ធ្វើការបែបនោះចេញ។ ហេតុនេះ សញ្ញាទាំង៣ខាងក្រោមនេះ នឹងជួយបង្ហាញផ្លូវថាអ្នកបានឈប់អភិវឌ្ឍចិត្តគំនិតរបស់អ្នកហើយ៖

១) អ្នកមានការជឿជាក់ខ្លាំងទៅលើបទពិសោធន៍របស់ខ្លួនជាងអ្វីៗទាំងអស់៖ អ្នកតែងមានទម្លាប់មើលរំលងទៅលើដំណោះស្រាយចំពោះបញ្ហាផ្សេងៗណាដែលទោះជាសមហេតុសមផលក៏ដោយ ក៏អ្នកនៅតែប្រើប្រាស់យុទ្ធសាស្រ្តដែលផ្អែកលើបទពិសោធន៍របស់ខ្លួនជាចម្បងទៅវិញ។ ពិតមែនត្រង់ការរៀនសូត្រពីបទពិសោធន៍គឺជារឿងដ៏ល្អមួយ ប៉ុន្ដែអ្នកក៏មិនត្រូវភ្លេចដែរថា យុទ្ធសាស្ត្រជោគជ័យមួយមិនអាចប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាបានគ្រប់ស្ថានការណ៍នោះទេ។

២) អ្នកចូលចិត្តធ្វើការងារដដែលៗ៖ សម្រាប់មនុស្សដែលចូលចិត្តរើសយកភាពងាយស្រួល ពួកគេនឹងជ្រើសរើសធ្វើនូវការងារដដែលៗ ដែលមិនទាមទារនូវភាពច្នៃប្រឌិត ជាជាងធ្វើការងារណាដែលតម្រូវឲ្យពួកគេមានគំនិតថ្មីៗជាប្រចាំ។ ការធ្វើការងារដដែលជាប្រចាំបែបនេះ នឹងធ្វើឲ្យពួកគេបង្កើតនូវអារម្មណ៍មានស្ថិរភាពមួយដែលដឹងមុនរួចជាស្រេចថា រឿងភ្ញាក់ផ្អើលទាំងឡាយនឹងមិនអាចកើតមានឡើងចំពោះពួកគេនោះឡើយ។

៣) អ្នកតែងវាយតម្លៃអ្នកដទៃទៅតាមការយល់ឃើញរបស់ខ្លួនជាជាងងាកមកអភិវឌ្ឍខ្លួនឯង៖ មូលដ្ឋានគ្រឹះនាំទៅរកការអភិវឌ្ឍខ្លួនឯង គឺជាប្រើប្រាស់ថាមពល កម្លាំងកាយ និងចិត្តទាំងប៉ុន្មាន ដើម្បីធ្វើឲ្យខ្លួនរីកចម្រើន ដែលមិនមែនបានមកពីការបង្កើតគំនិតរិះគន់អ្នកដទៃពីអ្វីដែលពួកគេធ្វើនោះទេ។ មនុស្សដែលចចេសមិនទទួលយកការផ្លាស់ប្ដូរ ច្រើនតែភ័យខ្លាចមិនទទួលយកចំណុចខ្សោយរបស់ខ្លួនឯង។ មូលហេតុនេះហើយដែលពួកគេជ្រើសរើសចាំតែសង្កេតមើលពីចំណុចខ្សោយរបស់នរណាម្នាក់ ហើយរិះគន់ពួកគេនៅពេលអ្នកទាំងនោះសាកល្បងអ្វីថ្មី ហើយភាពជោគជ័យមិនបង្ហាញឲ្យឃើញភ្លាមៗនោះ៕

ប្រភព៖ lifehack ប្រែសម្រួល៖ ស្រីពៅ

X
5s