Samsung ​ផលិត​បាន​ក្ដារខៀន​អេឡិចត្រូនិក​ទំនើប​ខ្នាត​យក្ស​ទំហំ ៥៥អ៊ីញ មាន​កម្មវិធីល្អៗ​​សម្រាប់​ប្រើប្រាស់​លើ​នោះ​



ក្រុមហ៊ុន Samsung ​ថ្មីៗ​នេះ​ទើប​សម្រេច​បាន​សមិទ្ធផល​ថ្មី​ប្លែក ដែល​ជា​ក្ដារខៀន​អេឡិចត្រូនិក​ដ៏​ធំ​សម្រាប់​ប្រើ​ក្នុង​អង្គ​ប្រជុំ​តូចធំ​បាន​ងាយស្រួល​ប្រកប​ដោយ​ផលិតភាព​ខ្ពស់។ ក្ដារខៀន​ឆ្លាតវៃ​នេះ​នេះ មាន​ឈ្មោះ Flip ​ទំហំ ៥៥អ៊ីញ ​ដែល​ទើប​បាន​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក CES 2018 នេះ​ហើយ។

ក្ដារ​ខៀន​ឌីជីថល​ថ្មី​នេះ មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​យ៉ាង​សាមញ្ញ​អាច​ប្រើ​ក្នុង​ទម្រង់​បញ្ឈរ​ក៏​បាន ផ្ដេក​ក៏​បាន។ យ៉ាងណា ក្រុមហ៊ុន Samsung ​មិន​បាន​បង្ហាញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ ឬ​សូហ្វ៊ែរ​ដែល​បំពាក់​លើ Flip នោះ​ឡើយ ប៉ុន្តែ​វា​ទំនង​ត្រូវ​បាន​ក្រុមហ៊ុន Samsung ដាក់​ឱ្យ​ប្រើ​នូវ​មុខងារ​កត់​ចំណាំ note, photos និង​មុខងារ​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត ផ្ទុក​នៅ​លើ​អេក្រង់ 4K របស់​វា។

Flip របស់ Samsung ថែមទាំង​មាន​បង្កប់​មុខងារ​តំណភ្ជាប់​ឥត​ខ្សែ wireless, USB, PC និង mobile port ​ដែល​អ្នក​អាច​ប្រើ​សម្រាប់​តភ្ជាប់​នឹង​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​បង្ហាញ​អេក្រង់​មក​លើ​ក្ដារខៀន។ អ្នក​ថែមទាំង​អាច​ចែកចាយ​មាតិកា​លើ​អេក្រង់​របស់​វា ទៅ​កាន់​កុំព្យូទ័រ​ដទៃ , ស្មាតហ្វូន និង​ថេប្លេត​ក៏​បាន។ ក្ដារ​ខៀន​នេះ អាច​ឱ្យ​គេ​ប្រើ​ក្នុង​សម្រាប់​គូរ​គំនូរ​បាន​ដល់​មនុស្ស ៤នាក់ ដំណាល​គ្នា ជាមួយ​ប៊ិច Stylus ឬ​ម្រាមដៃ​បាន ហើយ​ដូច​ជា​មាន​កម្មវិធី​សម្រាប់​អង្គ​ប្រជុំ meeting software ដើម្បី​បង្កើត និង​រក្សា​ទុក​មាតិកា​កិច្ច​ប្រជុំ​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​កណ្ដាល Central Database បាន៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ theverge
X
5s