Asus បង្អួត Laptop ប្រភេទ 2-in-1 ស្ដើងជាងគេដែលមានក្រាហ្វិកដាច់ដំបូងគេលើលោក Zenbook Flip 14 Hybrid តម្លៃ $៨៩៩
ប្រសិនបើអ្នកកំពុងស្វែងរកកុំព្យូទ័រយួរដៃ Windows 10 អមជាមួយកម្រាស់ស្ដើងៗនោះ អ្នកអាចនឹងពេញចេញនូវម៉ូដែលថ្មីរបស់ Asus Zenbook Flip 14 នេះមិនខាន។ ZenBook Flip 14 បំពាក់ដោយអេក្រង់ទំហំ ១៤អ៊ីញប្រភេទ NanoEdge display ដែលមានគែមអេក្រង់ស្ដើងស្លីមទាន់សម័យ ដែលសាច់អេក្រង់លាតសន្ធឹងស្មើនឹង ៨០% នៃផ្ទៃមុខរបស់វា ដែលអាចបង្ហាញរូបភាពបានធំ តែទំហំខ្លួនតូច។
លក្ខណៈពិសេសផ្សេងទៀតនៃអេក្រង់ NanoEdge នៅលើ ZenBook Flip 14 Hybrid មាននូវបច្ចេកវិទ្យា 178 degree wide-view ហើយមានកូល័រដិតច្បាស់ល្អប្រភេទជា sRGB Colour ១០០% ដែលច្របាច់បញ្ចូលជាមួយបច្ចេកវិទ្យា Asus Eye Care និងបច្ចេកវិទ្យា Asus Tru2Life Video។ ចំណែកផ្នែកខាងក្នុង Asus ZenBook Flip 14 បានបំពាក់ដោយអង្គប្រតិបត្តិ Intel Core i7 quad-core ជំនាន់ទី៨ ហើយប្រើក្រាហ្វិក NVIDIA GeForce MX150 និងមានប៊ិច Asus Pen មកជាមួយផងដែរ សម្រាប់ជំនួយដល់កិច្ចការគំនូរ ការកត់ចំណាំផ្សេងៗនៅលើអេក្រង់ touchscreen របស់វា ហើយក៏មានក្ដារចុច keyboard អាចដកដាច់ពីអេក្រង់បានផងដែរ។
https://youtu.be/lcFsISgvfpg
កុំព្យូទ័រយួរដៃកូនកាត់ថេប្លេតថ្មីរបស់ក្រុមហ៊ុនតៃវ៉ាន់នេះ មានកម្រាស់ ១៣,៩មិល្លីម៉ែត្រ ហើយមានទម្ងន់ត្រឹម ១,៤គីឡូក្រាម។ Asus បានដំឡើង RAM ដល់ 16GB ហើយអង្គចងចាំប្រភេទ PCIe 3.0 x 4 ទំហំដល់ 512GB (SSD)។ ក្រុមហ៊ុន Asus បានលើកឡើងថា៖ “ZenBook Flip 14 គឺជាកុំព្យូទ័រកូនកាត់ប្រភេទ 2-in-1 ដែលស្ដើងជាងគេលើលោក និងដែលមានក្រាហ្វិកដាច់ ផ្ដល់នូវសមត្ថភាពផ្នែកក្រាហ្វិកមិនធ្លាប់មានពីមុន នៅក្នុងឧបករណ៍ចល័តដ៏ស្ដើង ultra-compact នេះ។ ជាមួយក្រាហ្វិកដាច់ (discrete graphics) អ្នកអាចរីករាយក្នុងការទស្សនាវីដេអូមានភាពរលូនល្អ ហើយផ្ដល់សមត្ថភាពសម្រាប់ការកម្សាន្តហ្គេមលើកុំព្យូទ័រផងដែរ” ។
កុំព្យូទ័រយួរដៃ Asus ZenBook Flip 14 ប្រភេទ 2-in-1 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនលើទីផ្សារអំឡុងខែមីនា ឆ្នាំ២០១៨ ជាមួយតម្លៃចាប់ពី ៨៩៩ដុល្លារ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Asus