Sony បង្ហាញសុនកយន្តថ្មី Aibo នៅពិព័រណ៍ CES 2018 ត្រៀមចេញលក់សប្ដាហ៍ក្រោយក្នុងតម្លៃ $១៨០០
បន្ទាប់ពីបានបង្ហាញផ្លូវការនូវសុនកយន្តជំនាន់បន្ទាប់ Aibo robot dog កាលពីខែវិច្ឆិកាឆ្នាំ២០១៧ កន្លងមក ពេលនេះ Sony បាននាំយកវាទៅតាមបង្ហាញជាសាធារណៈនៅក្នុងព្រឹត្តិការណ៍ CES 2018 សប្ដាហ៍នេះ។ តាមពិតស៊េរីរ៉ូបូត Sony Aibo ត្រូវបានផលិតលក់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ហើយទើបតែពេលនេះ ក្រុមហ៊ុនបានគាស់កកាយមកអភិវឌ្ឍបន្ត ដោយផលិតចេញរ៉ូបូតសុនកជំនាន់ថ្មីកាន់តែមានលក្ខណៈរួសរាយនឹងមនុស្ស។
សុនកយន្ត Sony Aibo ឥឡូវនេះត្រូវបានបំពាក់ម៉ាស៊ីនសកម្មចំនួន២២ ដែលអាចឱ្យវាធ្វើចលនារឹតតែជាក់ស្ដែងជាងរ៉ូបូតជំនាន់មុន។ នៅពេលដែលវាត្រូវបានច្របាច់បញ្ចូលជាមួយ OLED display eyes រ៉ូបូតនេះចេះផ្ដល់ភាពសប្បាយរីករាយដល់មនុស្ស ដោយផ្អែកលើកាមេរ៉ាបង្កប់ក្នុងច្រមុះរបស់វា។
ថ្មនៅក្នុងសុនកយន្តនេះ មានសមត្ថភាពអាចដំណើរការបានរយៈពេល ២ម៉ោងពេញ ហើយប្រើពេល ៣ម៉ោងដើម្បីសាកភ្លើងឱ្យពេញវិញ។ ក្រុមហ៊ុន Sony នឹងចាប់ផ្ដើមចេញលក់ Aibo robot dog នៅទូទាំងប្រទេសជប៉ុននៅសប្ដាហ៍ក្រោយ ដែលនឹងមានតម្លៃ ១៩៨០០០យ៉េន ឬប្រហែល ១៨០០ដុល្លារ។ នៅពេលអ្នកទិញសុនកយន្តនេះហើយ ក៏ត្រូវបង់ប្រាក់ប្រចាំខែ ២៧ដុល្លារថែមទៀត ឬបង់ម្ដង ៨០០ដុល្លារ សុពលភាពរយៈពេល ៣ឆ្នាំពេញ ដើម្បីអាចទទួលបានការគាំទ្រ និងកញ្ចប់បច្ចុប្បន្នភាពថ្មីៗបន្ត៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Verge