Dell បន្ត​ចេញ​ឡេបថប Dell XPS 15 2-in-1 ​ស៊េរី​ថ្មី​ ទើប​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍ CES 2018 តម្លៃ​ខ្ទង់​ ១៣០០ ឡើង​ទៅ​



​ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក​ប្រចាំ​ឆ្នាំ CES ​ដែល​ធ្វើ​នៅ​ទីក្រុង Las Vegas ​សប្ដាហ៍​នេះ ក្រុមហ៊ុន Dell ក៏​បាន​ចូលរួម​តាំង​បង្ហាញ​សមិទ្ធផល​ថ្មី​របស់​ខ្លួន​នឹង​គេ​ដែរ ដោយ​បញ្ចេញ​ Dell XPS 15 2-in-1 ​ជំនាន់​ទី២ របស់​ខ្លួន។ កុំព្យូទ័រ​ឡេបថប​ដ៏​ស្ដើង XPS 15 ស៊េរី​ថ្មី​នេះ នឹង​មាន​លក់​ចាប់ពី​ខែ​មេសា​ក្នុង​តម្លៃ​ប្រហែល ១៣០០ដុល្លារ។ https://youtu.be/Id6JIlzH3lk ឡេបថប​ថ្មី​របស់​ក្រុមហ៊ុន​ផលិត Hardware ​និង​កុំព្យូទ័រ​ម៉ាក​ល្បី​អាមេរិក​នេះ បាន​បំពាក់​អេក្រង់​ប្រភេទ InfinityEdge 4K Ultra HD ​មាន​ត្រចៀក​អាច​បត់​បាន ៣៦០ដឺក្រេ ​អាច​ឱ្យ​អ្នក​ប្រែ​ទម្រង់​ការ​ប្រើ​ពី​កុំព្យូទ័រ​ទៅ​ជា​ថេប្លេត​បាន​យ៉ាង​ងាយស្រួល អម​ដោយ​អេក្រង់ touchscreen ។ ដើម្បី​បំពេញ​បន្ថែម​លក្ខណៈ touchscreen ​នៅ​លើ Dell XPS 15 នេះ ក្រុមហ៊ុន Dell បាន​ផលិត​ចេញ​ប៊ិច Premium Active Pen សម្រាប់​ប្រើ​ជាមួយ​ផង​ដេរ ដែល​នឹង​មាន​លក់​ដាច់​ដោយ​ឡែក ផ្ដល់​ការ​ទទួល​ស្គាល់​កម្រិត pressure sensitivity 4096 ​បំពេញ​មុខងារ​បាន​ល្អ​សម្រាប់​កិច្ចការ​ឌីហ្សាញ។ XPS 15 ​បាន​បំពាក់​អង្គ​ប្រតិបត្តិ Intel Core I ជំនាន់​ទី៨ ​ជា​ស៊េរី​ឈីប Kaby Lake-G ​គាំទ្រ​ក្រាហ្វិក Vega M GPU ​ទំហំ 4GB។ វា​មាន​ជម្រើស RAM ពី 8GB ទៅ 16GB ​ហើយ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ SSD ទំហំ​អាច​មាន​ដល់ 1TB និង​មាន​កម្លាំង​ថ្ម​អាច​ប្រើ​បាន ១៥ម៉ោង​រាល់​ពេល​សាក​ពេញ​ម្ដង។ កុំព្យូទ័រ​យួរដៃ​ម៉ាក​ល្បី​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ​ចុងក្រោយ​បំផុត​របស់ Microsoft ​និង​គាំទ្រ DirectX 12 ហើយ​ប្រើ​ប្រព័ន្ធ cooling បច្ចេកវិទ្យា “GORE Thermal Insulation” ​អាច​រំភាយ​កម្ដៅ​បាន​ល្អ​ដោយ​មិន​ត្រូវការ​មាន​កង្ហារ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ Dell
X
5s