Galaxy S9 ​របស់ Samsung មិន​ទាន់​បង្ហាញ​ខ្លួន​ផ្លូវការ​ហើយ ឥឡូវ​មាន S9 កូពី​បាត់ (Video)​



ខណៈ​ដែល ស្មាតហ្វូន​ជំនាន់​ថ្មី Galaxy S9 ជិត​ដល់​ពេល​ឃើញ​ពន្លឺ​ថ្ងៃ​ដែល​នឹង​ត្រូវ​សម្ពោធ​ផ្លូវការ​នៅ​ក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក​ MWC 2018 នៅ​ខែ​ក្រោយ​នោះ ពេល​នេះ​ស្រាប់តែ​លេច​ចេញ​វត្តមាន​ស្មាតហ្វូន​មួយ​ដែល​មាន​រូបរាង​ឌីហ្សាញ​តាម​ពាក្យ​ចចាមអារ៉ាម និង​សេចក្ដី​រាយការណ៍​ធ្លាប់​អះអាង​នឹង​បំពាក់​នៅ​លើ Galaxy S9 ផ្លូវការ​មុន​ទៅ​ហើយ។ វា​គឺ​ជា Galaxy S9 ​ចម្លង​ម៉ូត​តាម Galaxy S9 ពិត​ដែល​ធ្លាប់​បែកធ្លាយ​ព័ត៌មាន និង​បាន​ចេញ​ផ្សាយ​កន្លង​មក។ https://youtu.be/PHYvZDjo5uc ​នៅ​ក្នុង​វីដេអូ​ខាង​ក្រោម យើង​អាច​មើល​ឃើញ​ស្មាតហ្វូន និង​ការ​វេចខ្ចប់​គួរ​ឱ្យ​ចាប់អារម្មណ៍​មើល​ទៅ​ពិត​ជា​ស្រដៀង​ខ្លួន​នឹង Galaxy S9 ​ដែល​កំពុង​ត្រូវ​គេ​រាយការណ៍​អីចឹង ទោះបី​មាន​ចំណុច​ខុស​គ្នា​ខ្លះ​នៅ​លើ​លក្ខណៈ​សម្បត្តិ​ក៏​ដោយ។ ដូច​ដែល​យើង​បាន​មើល​ឃើញ​ក្នុង​វីដេអូ​ខាង​លើ​ ដែល Galaxy S9 ​clone ​នេះ មាន​រូបរាង​ពិត​ជា​ស្រដៀង​ខ្លាំង​ទៅ​នឹង​ស្មាតហ្វូន Galaxy S8 ​ទោះបី​គែម​អេក្រង់​របស់​វា​ហាក់​ដូច​ជា​ក្រាស​ជាង S8 និង S8+ ​ឬ រូបរាង Galaxy S9 ដែល​ទើប​បែកធ្លាយ​ថ្មីៗ​ក៏​ដោយ។ Galaxy S9 ​និង S9 Plus ពិត​គឺ​មិន​ត្រូវ​គេ​រំពឹង​ថា មាន​រូបរាង​ដូច​នេះ​ទេ។ វា​នឹង​មាន​ការ​ឌីហ្សាញ​គែម​អេក្រង់​ស្ដើង​ជាង​នេះ ស្លីម​ជាង​នេះ តែ​នឹង​រចនា​កាត់​តាម​រចនាបថ Galaxy S8 ខ្លះ​ដែរ។ វា​ក៏​ត្រូវ​រំពឹង​ថា នឹង​មាន​ទំហំ​អេក្រង់​ដូច​ទៅ​នឹង S8 ដែរ។ យើង​រំពឹង​ថា នឹង​មាន​ជម្រើស​ឈីប​ចែកចេញ​ជា​ពីរ គឺ​ឈីប Exyno 9810 និង Qualcomm Snapdragon 845 ដែល​ផលិត​សម្រាប់​តម្រូវ​ទីផ្សារ​ខុសៗ​គ្នា។ យើង​ក៏​រំពឹង​ដែរ​ថា នឹង​មាន​ជម្រើស​ផ្ទុក​ទិន្នន័យ 64GB / RAM 4GB នៅ​លើ Galaxy S9 ចំណែក S9 Plus ​នឹង​មាន RAM ដល់ 6GB។ Galaxy S9 ​មាន​ពាក្យ​ចចាមអារ៉ាម​ថា នឹង​មាន​កាមេរ៉ា 12MP ហើយ S9 Plus ​មាន​កាមេរ៉ា​ភ្លោះ​ទំហំ 12MP។ វា​នឹង​ត្រូវ​ Samsung ប្រកាស​ផ្លូវការ​នៅ​ក្នុង​សមាជ MWC ​ខែ​កុម្ភៈ​ក្រោយ​នេះ ហើយ​នឹង​មាន​លក់​នៅ​ដើម​ខែ​មីនា៕ ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ EverythingApplePro
X
5s