ប៉ាតង់ Samsung ថ្មីនេះ ជាសញ្ញាណនៃការត្រៀមបំពាក់កាមេរ៉ា selfie នៅទីតាំងក្រោមអេក្រង់ទូរស័ព្ទ
ខណៈដែល ទ្រនាប់ស្កេនក្រយៅដៃ Fingerprint reader កំពុងត្រូវគេជំរុញអភិវឌ្ឍឱ្យមកស្ថិតក្រោមអេក្រង់ទូរស័ព្ទ ដើម្បីរចនារូបរាងឱ្យមានគែមអេក្រង់ស្ដើងពេញទំហឹងនោះ ចំណែកពេលនេះ Samsung ទើបបានបង្ហាញប៉ាតង់បច្ចេកវិទ្យាថ្មីរបស់ខ្លួន អាចជាសញ្ញាណចាប់ផ្ដើមនៃការប្ដូររបត់ថ្មី ក្នុងការបង្កប់កាមេរ៉ាមុខក្រោមអេក្រង់ទូរស័ព្ទផងដែរ។
ប៉ាតង់របស់ Samsung នេះ បានបង្ហាញឱ្យឃើញគំនូសតាងឧបករណ៍ ជាគំរូទូរស័ព្ទ ដែលត្រូវគេផ្លាស់ប្ដូរគ្រឿងបង្គំទាំងឡាយ មកស្ថិតនៅក្រោមកញ្ចក់អេក្រង់ រួមទាំងរន្ធសំឡេងសម្រាប់ស្ដាប់ពេលនិយាយទូរស័ព្ទ មុខងារ proximity និង ambient light sensor ផងដែរ។
ទោះជាយ៉ាងណា បញ្ហាគឺថា បច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនផលិតកាមេរ៉ាសម្រាប់គាំទ្រការបំពាក់នៅទីតាំងក្រោមអេក្រង់នៅឡើយ។ តាមរយៈប៉ាតង់ថ្មីនេះ វាអាចនឹងត្រូវប្រើប្រាស់អេក្រង់ប្រភេទ OLED លក្ខណៈថ្លា ជាមួយកម្រិត resolution ខ្ពស់ អាចបើក និងបិទ នៅពេលមិនត្រូវការប្រើ ហើយគេនឹងមើលមិនឃើញវាទេ ដែលផ្ដល់ភាពស្រឡះល្អនៅលើផ្ទៃមុខទូរស័ព្ទ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gsmarena