Samsung កំពុងជាប់សង្ស័យថា បានទម្លាក់ speed លើទូរស័ព្ទចាស់ៗដូច Apple ដែរ !
ថ្មីៗនេះ Apple បានក្លាយជាផ្ទាំងស៊ីបដែលអតិថិជនមួយចំនួន បានរិះគន់ចំពោះអ្វីដែលក្រុមហ៊ុនអាមេរិកនេះកំពុងធ្វើនៅលើ iPhone ស៊េរីមុនៗរបស់ខ្លួន។ Apple សំអាងហេតុផលចង់ជួយសង្គ្រោះអាយុកាលប្រើប្រាស់ថ្មនៅលើ iPhone ចាស់ៗ ក៏ដើម្បីបញ្ចៀសបញ្ហាប្រើសុខៗរលត់ទូរស័ព្ទ ក៏បានទម្លាក់ល្បឿនដំណើរការមួយកម្រិត។ ចំណែកពេលនេះ ហាក់ដល់វេន Samsung វិញម្ដង ដោយក្រុមឃ្លាំមើលរបស់ប្រទេសអ៊ីតាលីកំពុងស៊ើបអង្កេតលើករណីដូចគ្នានេះ។
Samsung ត្រូវបានសួរនាំដោយអាជ្ញាធរអ៊ីតាលី ថាតើក្រុមហ៊ុនទូរស័ព្ទកូរ៉េនេះ បានកំពុងបន្ថយល្បឿនដំណើរការលើស្មាតហ្វូនស៊េរីមុនៗដែរឬយ៉ាងណា។ យ៉ាងណា កាលពីពេលមុន Samsung ធ្លាប់លើកឡើងថា ក្រុមហ៊ុនមិនបានទម្លាក់ល្បឿនដំណើរការទូរស័ព្ទស៊េរីមុនៗរបស់ខ្លួនដូចជាក្រុមហ៊ុន Apple នោះឡើយ។ ខាងក្រោមនេះគឺជាសេចក្ដីថ្លែងការណ៍ពី Samsung ៖
“Samsung មិនចេញកញ្ចប់បច្ចុប្បន្នភាពសូហ្វ៊េរ ដែលបង្កប់កុងតាក់សម្ងាត់ធ្វើឱ្យល្បឿនដំណើរការទូរស័ព្ទថយចុះនោះ លើសហួសពីវដ្ដជីវិតរបស់ឧបករណ៍នោះឡើយ។ យើងនឹងចូលរួមពេញទំហឹងក្នុងការសហការជាមួយអាជ្ញាធរអ៊ីតាលី សម្រាប់ការស៊ើបអង្កេតផ្នែកទីផ្សារ និងការប្រកួតប្រជែងក្នុងប្រទេសអ៊ីតាលី ដើម្បីបញ្ជាក់ពីការពិត" ។
ដូច្នេះ អ្វីដែលយើងដឹងនៅពេលនេះ គឺថា Samsung បានអះអាងថា ខ្លួនមិនបានបន្ថយល្បឿនដំណើរការលើស្មាតហ្វូនស៊េរីចាស់ៗរបស់ខ្លួនណាមួយឡើយ។ ក្រុមហ៊ុន Apple បានទទួលរកការរិះគន់ជាច្រើន ហើយកំពុងប្រឈមមុខនឹងបណ្ដឹងមួយចំនួន លើទង្វើបែបនេះ ដោយបន្ថយល្បឿនទូរស័ព្ទ iPhone ម៉ូដែលមុនៗ ដោយសំអាងហេតុផលចង់ជួយដល់កម្លាំងថ្ម៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Ubergzimo