Samsung ចែកលិខិតអញ្ជើញសាធារណជនចូលរួមពិធីសម្ពោធ Galaxy S9 / S9 Plus ថ្ងៃ២៥ កុម្ភៈខាងមុខ
ទីបំផុតកាលបរិច្ឆេទ Galaxy S9 ត្រូវលាតត្រដាងផ្លូវការដោយ Samsung។ ក្រុមហ៊ុនទើបបានបញ្ជាក់ឱ្យដឹងជាសាធារណៈថា នឹងសម្ពោធ Galaxy S9 នៅអំឡុងសមាជទូរស័ព្ទពិភពលោក MWC ខែកុម្ភៈខាងមុខ ក្នុងព្រឹត្តិការណ៍ Unpacked របស់ខ្លួនថ្ងៃទី២៥ តែម្ដង។
Galaxy S9
លិខិតអញ្ជើញត្រូវបានផ្ញើចេញទៅបណ្ដាសារព័ត៌មានធំៗ ឱ្យចូលរួមក្នុងសន្និសីទសារព័ត៌មានរបស់ Samsung ដែលក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េខាងត្បូងនេះ នឹងប្រកាស Galaxy S9 និង S9 Plus នៅថ្ងៃទី២៥ ខែកុម្ភៈ។ ក្នុងរូបនៃលិខិតអញ្ជើញខាងលើ ត្រូវគេកត់សម្គាល់ឃើញមានលេខ៩ ធំមួយ អមដោយឃ្លា "The Camera. Reimagined” ដែលគេរំពឹងថា ស្មាតហ្វូនថ្មីនេះ នឹងបំពាក់ប្រព័ន្ធកាមេរ៉ាទំនើបជាងមុន។Galaxy S9 Plus
អេក្រង់ Galaxy S9 អាចមានទំហំសមាមាត្រ 18.5:9 ជា Infinity Display ជាមួយគែមអេក្រង់ស្ដើងជាងមុនស្ទើរមើលមិនដឹង។ ស្មាតហ្វូននេះអាចនឹងមានការកែប្រែខ្លះនៅផ្នែកខាងក្រោយ ដែលបំពាក់ប្រព័ន្ធកាមេរ៉ាថ្មី អមជាមួយទ្រនាប់ស្កេនក្រយៅដៃនៅពីក្រោមកាមេរ៉ា ផ្នែកកណ្ដាល។ S9 បំពាក់កាមេរ៉ាតែមួយគ្រាប់ single sensor ចំណែក S9 Plus មានកាមេរ៉ាភ្លោះ dual-camera sensor ។ ស៊េរី S9 ថ្មីក៏នឹងមានមុខងារសាកថ្មលឿន Fast-Charging ផងដែរ តែអាចនឹងមិនទាន់មានការកែប្រែអ្វីជាដុំកំភួននៅឡើយ៕ ដោយ៖ រឹទ្ធិរាជ ប្រភព៖ gsmarena