ពេល​នេះ​អតិថិជន​អាច Pre-Order ​ឧបករណ៍ HomePod ​របស់ Apple បាន​ហើយ​ នឹង​មាន​លក់​នៅ​ថ្ងៃ៩ កុម្ភៈ​ជាមួយ​តម្លៃ $349​



Smart ​Speaker ​របស់ Apple ​ពេល​នេះ​មាន​ដាក់​ឱ្យ​បញ្ជា​ទិញ​ហើយ បន្ទាប់​ពី​ត្រូវ​បាន​ក្រុមហ៊ុន​ប្រកាស​ចេញ​តាំងពី​មិថុនា ឆ្នាំ២០១៧ ក្នុង​សន្និសីទ WWDC កន្លង​ទៅ។ ឧបករណ៍​បំពងសម្លេង​ឆ្លាតវៃ HomePod ពេល​នេះ​ត្រូវ​បាន Apple ដាក់​ឱ្យ​អតិថិជន​អាច Pre-Order បាន​ហើយ​ក្នុង​តម្លៃ ៣៤៩ដុល្លារ ដែល​នឹង​មាន​លក់​នៅ​ថ្ងៃ​ទី៩ ខែ​កុម្ភៈ​ខាង​មុខ។

HomePod ជា​ Speaker ឆ្លាតវៃ ដែល​គាំទ្រ AirPlay 2 អាច​ឱ្យ​គេ​ប្រើ​មុខងារ multi-speaker audio streaming។ វា​ប្រើ​ឈីប Apple A8 ហើយ​ប្រើ​សូហ្វ៊ែរ Siri ។ ផ្នែក​ខាង​លើ​របស់​វា​ជា​អេក្រង់​ប៉ះ​បញ្ជា​បាន ដែល​អាច​បង្ហាញ​នូវ​រលក​សំឡេង​ឌីណាមិច នៅ​ពេល​ដំណើរការ​មុខងារ Siri។ ការ​ប្រើ Touch commands អាច​ឱ្យ​អ្នក​ប្រើ កំណត់​លើ​កម្រិត​សំឡេង volume, play/pause ​តន្ត្រី ហើយ​អាច​ប្ដូរ​បទ​ចម្រៀង​ទៅ​មុខ ឬ​ថយ​ក្រោយ។

វា​អាច​ជា​គូរ​ប្រកួតប្រជែង​នឹង​ឧបករណ៍​បំពងសម្លេង​ឆ្លាតវៃ​របស់ Amazon និង Google ទៅ​ថ្ងៃ​មុខ ដោយ​រំពឹង​ថា Apple នឹង​សិក្សា​ពី​តម្រូវការ​អ្នក​ប្រើ ហើយ​អភិវឌ្ឍ​ជំនាន់​ជា​បន្តបន្ទាប់។ HomePod មាន​កំពស់ ៧អ៊ីញ និង​ទទឹង ៤អ៊ីញ អម​ដោយ​រន្ធ Subwoofer ទំហំ ៤អ៊ីញ រន្ធ​បំពងសម្លេង​ចំនួន៦ អាច​ស្ដាប់​នូវ​សំឡេង​ និង​មាន​អន្តរកម្ម​ជាមួយ​មនុស្ស ដោយ​គេ​អាច​បញ្ជា​លើ​មុខងារ​មួយ​ចំនួន​បាន៕   ​ដោយ៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s