បែកធ្លាយស្រោម Galaxy S9 Plus មុនត្រូវ Samsung សម្ពោធផ្លូវការចុងខែកុម្ភៈ
Samsung Galaxy S9 / S9 Plus កំពុងជាប្រធានបទក្ដៅ ដែលត្រូវសាធារណជនចាប់អារម្មណ៍ចង់ឃើញពីការផ្លាស់ប្ដូរថ្មីថាតើនឹងទំនើប ពិសេសជាង S8 / S8 Plus កម្រិតណា។ សេចក្ដីរាយការណ៍ថ្ងៃនេះ បានបង្ហាញនូវរូបបែកធ្លាយ ត្រូវគេអះអាងជាស្រោមទូរស័ព្ទរបស់ S9 Plus ដែលផ្នែកខាងខ្នងរបស់វា មានប្រឡោះកាមេរ៉ាវែងទម្រង់បញ្ឈរ ទំនងសម្រាប់ត្រៀមកាមេរ៉ាភ្លោះនៅលើស្មាតហ្វូនជំនាន់ចុងក្រោយនេះ។
រូបថតបែកធ្លាយខាងលើ បង្ហាញនូវម៉ូតស្រោម Case របស់ Galaxy S9 Plus ផ្សេងៗគ្នា។ Samsung បានត្រៀមរៀបចំព្រឹត្តិការណ៍សម្ពោធសមិទ្ធផលថ្មីរបស់ខ្លួនអំឡុងសមាជទូរស័ព្ទពិភពលោក MWC 2018 ដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី ២៦កុម្ភៈ ដល់ថ្ងៃទី១ មីនាខាងមុខ។ ប្រភពព័ត៌មានពី GSM Arena បានឱ្យដឹងថា S9 / S9 Plus នឹងមានដាក់ឱ្យបញ្ជាទិញ pre-order ចាប់ពីថ្ងៃទី២ ខែមីនា ហើយនឹងមានលក់ចាប់ពីថ្ងៃទី១៦ មីនា ឆ្នាំ២០១៨ ។
ទំហំអេក្រង់ស្មាតហ្វូនទាំងពីរថែមទាំងត្រូវគេរំពឹងថា អាចត្រូវ Samsung រក្សាឱ្យនៅដដែលដូចនឹង Galaxy S ច្បង។ តាមសេចក្ដីរាយការណ៍ថ្មីៗកន្លងទៅ ឱ្យដឹងថា S9 នឹងបំពាក់ឈីបពីរផ្សេងគ្នា គឺ Qualcomm Snapdragon 845 នឹងមានលក់នៅលើទីផ្សារបានទូលំទូលាយជាង ម៉ូដែលប្រើឈីប Exynos 9180 ។ Galaxy S9 គេរំពឹងថា នឹងមាន RAM 4GB ហើយ S9 Plus មាន RAM 6GB៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Twitter, GSM Arena