iPad របស់ Apple នៅតែជាប់ចំណាត់ថ្នាក់ថេប្លេតលេខ១ ដែលពេញនិយមលក់ដាច់ជាងគេលើលោកក្នុងឆ្នាំ២០១៧
យើងតាមសេចក្ដីរាយការណ៍ថ្មីមួយចេញដោយក្រុមហ៊ុនវិភាគទីផ្សារ IDC ឱ្យដឹងថា Apple iPad នៅតែជាថេប្លេតដ៏មានប្រជាប្រិយភាពបំផុតលើលោក។ ក្នុងឆ្នាំ២០១៧ Apple បានលក់ថេប្លេតរបស់ខ្លួនដែលជាស៊េរីឧបករណ៍ iPad ដាច់ច្រើនជាង Samsung និង Amazon បូកបញ្ចូលគ្នាទៅទៀត។
Apple បានលក់ iPad ដាច់ប្រមាណ ៤៣,៨លានគ្រឿងក្នុងឆ្នាំ២០១៧ ដែលស្មើនឹងចំណែកទីផ្សារ ២៦,៨% ហើយក៏ជាបរិមាណកើនឡើងបន្តិចផងដែរប្រៀបធៀបទៅនឹងឆ្នាំចាស់ (ឆ្នាំ២០១៦)។ ក្រុមហ៊ុន Samsung លក់ថេប្លេត ស៊េរី Galaxy Tab របស់ខ្លួនដាច់បានប្រមាណ ២៤,៩លានគ្រឿងក្នុងឆ្នាំ២០១៧ ទទួលបានចំណាត់ថ្នាក់លេខ២ ដែលគីតជាអត្រាចំណែកទីផ្សារគឺ ១៥,២%។ ងាកមកមើល Amazon វិញ គឺបានលក់ថេប្លេតដាច់បានប្រមាណ ១៦,៧លានគ្រឿង ស្មើនឹង ១០,២% ផងដែរ។
Huawei ជប់លេខ៤ លក់ដាច់បាន ១២,៥លានគ្រឿង ចំណែកលេខ៥ បានលើ Lenovo លក់ដាច់បាន ១០,៣លានគ្រឿង។ ភាគច្រើននៃតួលេខលក់បានខាងលើ មានប្រភពចេញពីដៃរបស់បណ្ដាក្រុមហ៊ុនចែកចាយបន្ត ។ យ៉ាងណា បើបូកសរុបតួលេខលក់ថេប្លេតទាំងអស់ គឺមានការថយចុះប្រៀបធៀបនឹងឆ្នាំទៅមិញ (ឆ្នាំ២០១៦) ។
ក្រុមហ៊ុន Apple បានឃើញនូវកំណើនលក់ថេប្លេតនៅឆ្នាំ២០១៧ ហើយ Samsung និង Amazon ក៏មានកំណើន ដូចជាក្រុមហ៊ុន Huawei ដែរ។ យើងរំពឹង នឹងបានឃើញ iPad ជំនាន់ថ្មីទៀតពីក្រុមហ៊ុន Apple នៅក្នុងឆ្នាំ២០១៨ នេះ ហើយយើងអាចនឹងឃើញ iPad ថ្មីមានបំពាក់មុខងារទំនើប Face ID ដូចមាននៅលើ iPhone X បច្ចុប្បន្នដែរ។
បើតាមពាក្យចចាមអារ៉ាមថ្មីៗនេះ លើកឡើងថា Apple អាចនឹងចាប់ផ្ដើមចេញលក់ផលិតផលថ្មីៗរបស់ខ្លួននៅខែមីនាក្រោយនេះ ហើយយើងក៏អាចនឹងឃើញ iPad ជំនាន់ថ្មីផងដែរ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ IDC, MacRumors